ម្តាយយំបោកខ្លួននៅពេលដែលទទួលដំណឹងថា កូនប្រុសរបស់គាត់ ត្រូវរថយន្តកិនស្លាប់ ទាំង២នាក់នៅពេលធ្វើដំណើរទៅធ្វើការសំណង់។

 ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំនុចស្តុបស្ពាន ព្រែកព្នៅ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1FX-9690  ជិះឌុបគ្នាចេញពីផ្ទះដើម្បីទៅធ្វើសំណង់នៅម្ដុំគីឡូលេខ៩ ក្នុងទិសដៅពីត្បូងទៅជើង។ លុះដល់ចំណុចភ្លើងស្តុបជនរងគ្រោះទាំង២នាក់បងប្អូនបានឈប់ម៉ូតូរងចាំភ្លើងស្តុបពណ៌ខៀវដើម្បីបន្តដំណើរទៅមុខទៀត ស្រាប់តែមានរថយន្តសណ្តោងរ៉ីម៉កមួយគ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ3D-4520 បើកបរស្របទិសគ្នាពីត្បូងទៅជើងបានបុកកិនជនរងគ្រោះទាំង២នាក់ បងប្អូនពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់បងប្អូនមានឈ្មោះទី១  អិល ពិន អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនិងទី២ឈ្មោះ ទី ម៉ឺនចំណាន អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅ ជាមួយគ្នាត្រូវជាប្អូនបង្កើតនឹងគ្នា។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ជំនាញខណ្ឌព្រែកព្នៅសហការជាមួយនឹងកម្លាំង ចរាចរណ៍រាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែងនិងឃាត់ជនបង្កនិងរថយន្តបញ្ជូនទៅកាន់ការិយាល័យចរាចរជើងគោកនៃស្នងការនៃស្នងការនគរបាលរាជធានីភ្នំពេញកសាងកសាងសំណុំរឿងចាត់ការតាមវិធី។

 ចំណែកសពជនរងគ្រោះទាំង២បងបង្កើតសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុម គ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ស្វាយ ភឿន

Share.