ម៉ូតូហុងដាសេ១២៥មួយគ្រឿង ជិះដោយបុរសម្នាក់ ល្បឿនលឿនមិនប្រុងប្រយ័ត្នជួប រថយន្តខាងមុខ គេចជ្រុលទៅបុករថយន្តដឹកដី បណ្តាលឲ្យបោកដួលរងរបួស បាក់កជើង ខាងស្តាំដេកសន្លប់ស្តូកម្នាក់ឯង រថយន្តបន្តបើកទៅបាត់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ ទល់មុខក្រុមហ៊ុនផែស្ងួត អិលវ៉ាយស៊ី ឱូជីស្ទិក ចំណុចភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះ ស្ថិតក្នុងសភាពរបួសធ្ងន់ធ្ងរ បែកក្បាល បាក់កជើងស្តាំ សន្លប់ស្តូក។ ជាការកត់សំគល់ មានមួយសុវត្តិភាពដែរតែមិនបានពាក់ មានអាយុជាង៣០ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-7547 ជាមធ្យោបាយ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ ក្នុងទិសដៅពីជើងទៅត្បូង ល្បឿនលឿន លុះដល់ចំណុចកើតហេតុ វ៉ាក់អើជាមួយរថយន្ត កុងតៃន័រ បើកចេញពីក្រុមហ៊ុនផែស្ងួត ធ្វើឲ្យជនរងគ្រោះព្យាយាមខំគេច បែជាជ្រុលចង្កូត ទៅបុកពីចំហៀងរថយន្តបែនដឹកដី ដែលកំពុងបើកស្របទិស បណ្តាលឲ្យបោកដួល រងរបួស ធ្ងន់ ម៉ូតូខ្ទេចបាក់កង់មុខ រថយន្តដឹកដីបន្តដំណើរទៅបាត់ស្រមោល សន្សល់ទុក ជនរងគ្រោះ ដេកសន្លប់ម្នាក់ឯង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ ជនរងគ្រោះត្រូវបាន រថយន្ត គ្លីនិកឯកជនដឹកយកទៅសង្គ្រោះ។ ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅប៉ុស្តិ៍ ប្រទះឡាង ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.