ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្មរុកា្ខប្រមាញ់និង នេសាទ បានឱ្យដឹងថា ក្រសួងកសិកម្មកំពុងពិនិត្យនិងពិភាក្សារកដំណោះស្រាយបន្ថែមទៀតអំពីបញ្ហាតម្លៃជ្រូករស់ បន្តធ្លាក់ថ្លៃព្រមទាំងបន្តរឹតបណ្តឹងការអនុវត្តន៍ច្បាប់ ពិសេសបទល្មើសចរាចរសត្វ និង ផលិតផលសត្វ ដើម្បីការពារផលប្រយោជន៍របស់កសិករ ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានឱ្យដឹង តាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមថា តម្លៃជ្រូករស់បន្តធ្លាក់ថ្លៃនាពេលបច្ចុប្បន្ននេះ បណ្តាលមកពីបញ្ហាមួយចំនួន ដូចជា ៖ កសិករចិញ្ចឹមជ្រូកត្រៀមបញ្ចេញលក់ក្នុងឱកាស រៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ប៉ុន្តែត្រូវបានផ្អាកកម្មវិធីរៀបចំពីធីបុណ្យចាប់ ពីបិណ្ឌ ទី៤ រហូតដល់បុណ្យភ្ជុំបិណ្ឌ បានធ្វើឱ្យជ្រូកមានការកកស្ទះ។ មួយវិញទៀត ឯកឧត្តមបន្តថា តម្លៃជ្រូកនៅប្រទេសជិតខាងដូចជាប្រទេសវៀតណាម មានការធ្លាក់ថ្លៃ យ៉ាងគំហុក ពោលគឺ តម្លៃត្រឹមតែចំនួន ៦ ៥០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ដែលខុសពី តម្លៃនៅក្នុង ព្រះរាជាណាចក្រកម្ពុជា គឺចន្លោះពីចំនួន ៩៥០០រៀល ទៅចំនួន ១០ ១០០រៀល ក្នុងមួយ គីឡូក្រាម នាពេលសព្វថ្ងៃនេះ ។

ឯកឧត្តមបន្តថា វិបត្តិនៃជំងឺកូវីដ-១៩ តម្រូវការសាច់ជ្រូកមានការប្រែប្រួលមិនទៀងទាត់ ដោយសារមានការបិទខ្ទប់ ពុំមានកម្មវិធីតាមបុណ្យទាន កម្មវិធីជួបជុំផ្សេង ជាពិសេសពុំមាន ភ្ញៀវទេសចរធ្វើដំណើកម្សាន្តតាមតំបន់រមណីយដ្ឋាននានាក្នុងព្រះរាជាណាចក្រកម្ពុជា ។

ម្យ៉ាងវិញទៀត បទល្មើសចរាចរសត្វនិងផលិតផលសត្វ ពីប្រទេសជិតខាងគិតត្រឹមបំណាច់ ខែកញ្ញា ឆ្នាំ២០២១ បង្ក្រាបបទល្មើសបានចំនួន ៥០ករណី ក្នុងនេះបទល្មើសចលនាដឹក ជញ្ជូនជ្រូករស់ចំនួន ២៣ករណី និងសាច់ជ្រូកបង្កកចំនួន ២ករណី ។

អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នឹងពិនិត្យមើលបន្ថែមទៀតរវាងការផ្គត់ផ្គង់ ក្នុងស្រុកនិងការនាំចូល ព្រោះកន្លងមកនេះតម្លៃជ្រូករស់បានធ្លាក់ចុះដល់ចំនួន ៨ ៥០០រៀល ក្នុងមួយគីឡូក្រាម បន្ទាប់ពីការជជែកពិភាក្សារវាងសមាគមចិញ្ចឹមសត្វកម្ពុជា ជាមួយអ្នក នាំចូល គឺតម្លៃជ្រូករស់បានកើនឡើងចំនួន ១០ ១០០រៀលក្នុងមួយគីឡូក្រាម ។ មួយវិញទៀត បច្ចុប្បន្នការនាំចូលជ្រូករស់ពីបរទេស នៅថ្ងៃខ្លះមានត្រឹមតែ៣០០ក្បាល ក្នុងមួយថ្ងៃ ប៉ុណ្ណោះ៕

Share.