បុរសម្នាក់តូចចិត្តខ្លួនឯង មានជំងឺប្រចាំកាយ ច្រើនខែឆ្នាំ មើលពុំជា ទៅណាមិនរួច សម្រេច ចិត្តឡើងលើផ្ទះជាន់ទី១ លោតសម្លាប់ខ្លួន តែមិនស្លាប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ បង្កឲ្យ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅក្នុងភូមិ ស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ហេង ប៊ន ភេទប្រុស អាយុ៥៥ឆ្នាំ មានជំងឺប្រចាំកាយ ជំងឺសួត ខ្វិនដើរពុំរួច រស់នៅផ្ទះកើតហេតុខាងលើ ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ សមាជិកក្នុងគ្រួសារ ជាប់រវល់ការងារ មិនបានចាប់អារម្មណ៍ គិតថា ជនរងគ្រោះនៅដេកសម្រាក លើគ្រែជាន់ក្រោម ភ្លេចខ្លួន ជនរងគ្រោះរំកិលឡើងតាមកាំជណ្តើរឡើងទៅលើជាន់ទី១ ហើយលោតចុះប៉ងសម្លាប់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ បែកក្បាល បាក់ជើង បង្កឲ្យភ្ញាក់ផ្អើល អ្នកភូមិនិង ក្រុមគ្រួសារ ។

ក្រោយក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តគ្លីនិកឯកជន យកទៅសង្គ្រោះអាយុជីវិត ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.