បុរសម្នាក់ដើរឆ្លងផ្លូវ ត្រូវបានរថយន្តកុងតឺន័របើកបុកដួល ហើយត្រូវបានរថយន្ត សាំយ៉ុងមួយគ្រឿងទៀតបើកបុកបន្ថែម បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង រួចបើករត់គេចបាត់អស់ បន្សល់ទុកតែសពនៅកណ្តាលផ្លូវជាតិ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៤ ខាងមុខអង្គភាពស្ថាបនាស្ពានថ្នល់ ចំណុចភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពបុរសរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ  មានអាយុជាង៤០ឆ្នាំ ស្លៀកខោគគី ពណ៌ស្លែជើងវែង អត់មានពាក់អាវ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះដើរឆ្លងផ្លូវពីជើង ទៅត្បូង ទើបដើរបានបន្តិច ស្រាប់តែរថយន្តកុងតឺន័រ បើកពីកើតទៅលិច ជ្រុលបុកដួល រងរបួស ហើយក៏មានរថយន្តសាំយ៉ុងមួយគ្រឿងទៀត បើកពីកើតទៅលិចដូចគ្នា បុកបន្ថែម បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ហើយរថយន្តទាំង២គ្រឿង បន្ថែមល្បឿនបើក រត់គេច ទៅបាត់អស់ បន្សល់ទុកតែសពជនរងគ្រោះនៅកណ្តាលផ្លូវជាតិ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យជាក់ស្តែង គ្មានវត្តមានសាច់ញាតិ ឬក្រុមគ្រួសារ ដើម្បីជៀសវាងកកស្ទះចរាចរ សមត្ថកិច្ចធ្វើ កំណត់ហេតុរួច ដឹកសពយកទៅតំកល់ទុកនៅវត្តទឹកថ្លា បន្តស្រាវជ្រាវស្វែងរកក្រុមគ្រួសារ សាច់ញាតិ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.