ទីតាំងភោនីយដ្ឋានមួយកន្លែងដែលមានយីហោ DM  លួចបើក ខារ៉ាអូខេ មានមនុស្សប្រមូលម្តុំ មិនរក្សាគម្លាត ល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានកម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌទួលគោកចុះបង្រ្កាប និងឃាត់មនុស្សប្រុសស្រីចំនួន៦៧នាក់។

ប្រតិបត្តិការចុះបង្រ្កាបនេះធ្វើឡើងនៅវេលាម៉ោង៩ យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុច ភោនីយដ្ឋានយីហោDM តាមបណ្តោយផ្លូវលេខ២១៥ កែងផ្លូវលេខ១១៨ សង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច បន្ទាប់ពីមានការស៊ើបអង្កេតដឹងថា ទីតាំងភោនីយដ្ឋាន យីហោDM លួច បើកអាជីវកម្មនិងមានមនុស្សប្រមូលផ្តុំច្រើន  មានទាំងរថយន្ត ស៊េរីទំនើបៗជាច្រើនគ្រឿង កម្លាំងសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ។ពេលសមត្ថកិច្ចទៅដល់ ឃើញមនុស្ស កំពុងតែ អង្គុយផឹកស៊ី ច្រៀងសប្បាយល្មើសនឹងវិធានការរដ្ឋបាល រាជធានី ភ្នំពេញ។ ក្នុងនោះមនុស្ស ប្រុសស្រីចំនួន៦៧នាក់ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកឃាត់ខ្លួន រួចទំនាក់ទំនងក្រុមគ្រូពេទ្យចុះទៅយកសំណាកនៅក្នុងភោជនីដ្ឋាននេះតែម្តង ។

មនុស្សប្រុសស្រីទាំងនោះត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក  ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖សុខលី

Share.