រថយន្តយីឌុប ដឹកអេតចាយ បើកកិនបុរសជាជាងឈើម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុ គ្រាដែលជនរងគ្រោះ កំពុងជិះម៉ូតូវិលទៅផ្ទះជួល កាលពីវេលាម៉ោង១២និង ១៥នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវហាណូយ ទល់មុខសាលារៀន ភ្នំពេញថ្មី ចំណុចភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ ឈ្មោះ សៀន និល ហៅតោ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងឈើ នៅសង្កាត់ឃ្មួញ ស្នាក់នៅផ្ទះជួល ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅ ភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ  ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ជនរងគ្រោះមានប្រពន្ធឈ្មោះ ឡី សុខា អាយុ៣១ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានកូនស្រី១នាក់ និងកំពុងមានផ្ទៃពោះ៤ខែផង ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាសេ១២៥ សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1R-5758 ចេញពីកន្លែងធ្វើការក្នុងបំណងឆ្ពោះ ទៅផ្ទះ នៅក្បែរលូ៥ ដោយធ្វើដំណើរតាមផ្លូវហាណូយ ពីជើងទៅត្បូង។ ដល់ចំណុច កើតហេតុ ជនរងគ្រោះវ៉ាក់អើរថយន្តឈប់ខាងមុខ ហ្វ្រាំងរអិលដួលដោយខ្លួនឯង ស្រាប់តែ រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ យីឌុប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9393 ដឹកអេតចាយសំពីងសំពោង បើកពីជើងទៅត្បូងកិនក្បាលជនរងគ្រោះ បណ្តាលឲ្យស្លាប់ ធ្លាយខួរ  ភ្លាមៗ។

នៅកន្លែងកើតហេតុ វត្តមានក្រុមគ្រួសារ ស្ត្រីជាប្រពន្ធស្រែកទ្រហោយំ និងស្រណោះប្តី សឹងគាំងបេះដូង ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ជំនាញ ពិនិត្យ កសាងឯកសារ រួចប្រគល់ ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ចំណែកមធ្យោបាយទាំង២ នគរបាលវាស់វែងរួច រួមជាមួយអ្នកបើកបររថយន្តផង យកទៅ ការិយាល័យចរាចរជើងគោកស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.