យុវជន២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងពាក់ស្លាកលេខបាត់ដំបង1N-9743បើកបរក្នុងទិសដៅ ពីកើតទៅលិចតាមបណ្ដោយផ្លូវជាតិលេខ4លុះមកដល់មុខផ្លូវចូលផ្សារមនោរម្យ ក៏បានគេច រថយន្តធុនតូចមួយគ្រឿងមិនចាំស្លាកលេខ ហើយក៏ត្រូវរថយន្តកុងតឺន័រធុនធំ មួយគ្រឿង មិនចាំស្លាកលេខបុកពេញទំហឹងបណ្ដាលឲ្យដួល។អ្នកជិះខាងក្រោយស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ។

 ចំណែកឯអ្នកបើកបររងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ រីឯម៉ូតូរងការខូចខាតយ៉ាងដំណំដោយបាក់កង់មុខរួញចូលគ្នា។

មិត្តភក្កិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះណាក់ ភេទប្រុស អាយុ20 ឆ្នាំ ស្នាក់នៅបន្ទប់ជួលម្ដុំកាណាស៊ីធីផ្លូវវេងស្រេងនិងមានស្រុកកំណើតឯស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ករណីគ្រោះថ្នាក់ចរាចរណ៍ នេះកើតឡើងនៅយប់ថ្ងៃទី25 ខែតុលាឆ្នាំ2021ស្ថិតនៅតាម បណ្ដោយ ផ្លូវជាតិ លេខ4ក្នុងសង្កាត់ចោមចៅទី3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានចុះមកដល់ ទីតាំងកន្លែងកើតហេតុទាក់ទងទៅគ្រួសារជនរងគ្រោះ ដើម្បីមកយកសព ជនរងគ្រោះ ទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូជនរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកនៅ នៅ ការិយាល័យ នគរបាល ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បី រង់ចាំធ្វើការ ស្វែងរក រថយន្តបង្ក មកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖សុខលី

Share.