បាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញធុនធំ និងរថយន្តដឹកទំនិញធុនតូច បណ្តាលឲ្យមនុស្ស ៥នាក់បានស្លាប់នៅនឹងកន្លែង និង ១ នាក់ទៀតរបួសធ្ងន់។

លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សីបានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង ៥:១៥នាទី ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ លើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចក្រុមទី ០៧ ក្នុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

គ្រោះថ្នាក់នេះ បណ្តាលឲ្យមានមនុស្សប្រុសភាគីរថយន្តដឹកទំនិញធុនតូចចំនួន ៥នាក់បានស្លាប់នៅនឹងកន្លែង និងបង្កឲ្យរងរបួសធ្ងន់បុរសម្នាក់ទៀតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ។ ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់នៅឡើយ។

នគរបាលបានបន្តថា មុនពេលកើតហេតុរថយន្តភាគីរងគ្រោះម៉ាក នីសាន់ ប្រភេទដឹកទំនិញធុនតូច ពាក់ផ្លាកលេខ បាត់ដំបង ២B-២២១១ បានបើកបរក្នុងទិសដៅផ្ទុយគ្នាពីលិច ទៅកើត ដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹងជាមួយរថយន្តដឹកផ្លែស្វាយធុនធំ ១គ្រឿងទៀត ម៉ាកហ៊ីណូ ពាក់ផ្លាកលេខ កំពង់ឆ្នាំង ៣A-១៥៦៦ អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់ បើកបរក្នុងទិសដៅពីភ្នំពេញ ទៅទីប្រជុំជនក្រុងបាត់ដំបង ប៉ុន្តែមិនមានព័ត៌មានបានបញ្ជាក់ពីមូលហេតុជាក់លាក់នៅឡើយដោយសារជនរងគ្រោះដែលរបួសមានសភាពធ្ងន់ធ្ងរពេក។

សាកសពជនរងគ្រោះពេលនេះមន្ត្រីជំនាញបានរៀបចំទុកដាក់ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ចំណែកវត្ថុតាងរថយន្តទាំង២ ត្រូវបានរៀបចំស្ទូច យកទៅកាន់ការិយាល័យចរាចរណ៍ដើម្បីដោះស្រាយនិពេលក្រោយ៕

អត្ថបទ៖ដំបងក្រញូង

Share.