បាត់ដំបង៖ បុរស២នាក់ត្រូវបាននគរបាលបញ្ជូនទៅអនុវត្តតាមនីតិវិធីតុលាកា ក្រោយរកឃើញរក្សាទុក និងចែកចាយគ្រឿងញៀនខុសច្បាប់ជាច្រើនក្រាមក្នុងក្រុងបាត់ដំបង។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់នេះជាមុខសញ្ញារក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដែលបានប្រព្រឹត្តជាក់ស្តែងនៅក្នុងមូលដ្ឋានភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះអេង សំអឿន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចារ និងម្នាក់ឈ្មោះឈន ធារ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ​ មានមុខរបរមិនពិតប្រាកដ មានទីនៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ក្នុងការបង្ក្រាបកម្លាំងនគរបាលជំនាញដកហូតបានវត្ថុតាងមួយចំនួនរួមមាន: ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន ៧ថង់ ទម្ងន់ ១៩២,៥៦ក្រាម និងសម្ភារ:ពាក់ព័ន្ធមួយចំនួនទៀត។ ហើយនៅថ្ងៃទី ២៨ ខែតុលានេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានបញ្ជូនអ្នកទាំង ២នាក់ទៅកាន់សាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ដំបងក្រញូង

Share.