នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០២១ ត្រូវនឹង​ថ្ងៃ​សុក្រ​នេះ​ ក្រសួង​វប្បធម៌​និង​វិចត្រ​សិល្បៈ​បាន​ផ្សាយ​ល្ខោន​យីកេ​រឿង​ «មា​យើង» នៅ​លើ​បណ្ដាញ​សង្គម​ (Facebook) ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​លេង​ហ្វេសប៊ុក​យ៉ាង​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​។

ព្រឹក​ថ្ងៃ​ឈប់​សំរាក​ដែល​ជា​ទិវា​ឡើង​គ្រង​រាជ្យ​សម្បត្តិ​គំរប់​រយៈ​ពេល​១៧​ឆ្នាំ​នៃ​អង្គ​ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ក្រសួង​វប្បធម៌​វិចិត្រ​សិល្បៈ​បាន​ធ្វើ​ការ​ Live Stream ល្ខោន​យីកេខ្មែរ​រឿង​ «មាយើង» នៅ​លើ​ផេក​ផ្លូវ​ការ​របស់​ក្រសួង​ ហើយ​ទទួល​បាន​នូវ​ការ​ចូលរួម​ទស្សនា​ផ្ទាល់​កំពុង Live ​​យ៉ាង​ច្រើន​ជាង​ 1K ព្រម​ទាំង​មាន​ការ​ចូលរួម​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​លើក​យក​ទម្រង់​សិល្បៈ​បុរាណ​របស់​ខ្មែរ​មួយ​នេះ​មក​ធ្វើ​ការ​ផ្សព្វផ្សាយ​។

យោង​តាម​រយៈ​ការ​ចូល​មក​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​នៅ​ក្នុង​ពេល​ទស្សនា​វីដេអូ​ Live រឿង​ «មាយើង» ខាង​លើ អ្នក​ទស្សនា​​ភាគ​ច្រើន​ជា​យុវវ័យ​បាន​បញ្ចេញ​យោបល់​ថា​ «សម្តែងបានល្អជាងរឿង ខ្មែរ ថតបច្ចុប្បន្ន. ❤️❤️❤️»​ «ចូលរួម​លើក​ស្ទួយ​សិល្បៈ​វប្បធម៌» «បើ​បាន​ទៅ​មើល​ផ្ទាល់​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ​»។

នេះ​គ្រាន់​តែ​ជា​កា​រលើក​យក​ Comment មួយ​ចំនួន​តូច​ចេញ​ពី​ចំនួន​ Comment ដ៏​ច្រើនលើសលប់​ដែលមាន​សរុប​ត្រឹម​​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​តុលា​ ឆ្នាំ​២០២១​នេះ​ មាន​រហូត​ដល់​១.៦K Comment ចំនួន​ Like ៤.៣K និង​ចំនួន​ Views មាន​៣៩K។

ល្ខោន​យីកេ​ «មាយើង​» គឺជា​សាច់​រឿង​ដែល​បរិយា​យ​ពី​ចៅមាណព​មួយ​រូប​មាន​ប្រពន្ធ​ស្រស់​ស្អាត​ឈ្មោះមាយា ជាស្ត្រី​ខ្ជិល​ច្រអូស​ មិន​ចេះ​កិច្ចការ​ផ្ទះ​ ខ្ជះខ្ជាយ ចង់​មាន​ចង់​បាន​តែ​មិន​ចូលចិត្ត​ធ្វើ​ការងារ​។ ថ្ងៃមួយ​ចៅមាណព​បាន​នាំ​នាង​មាយា​ជា​ប្រពន្ធ​ទៅ​ជញ្ជាត់​ត្រី​ដូច​សព្វ​មួយ​ដង​ ទៅ​ដល់​នោះ​ចៅ​មាណព​បាន​ព្យាយាម​រក​ត្រី​បាន​ហើយ​ក៏​យក​មក​ឱ្យ​នាង​ជា​ប្រពន្ធ​ទុក​ក្នុង​កញ្ជើ​ ប៉ុន្តែ​នាង​មាយានោះ​មិនខ្វល់​ទោះ​ជា​កញ្ជើ​ធ្លាយ​ក៏​ដោយ ធ្វើ​ឱ្យ​ត្រី​ដែល​ចៅមាណព​រក​បាន​ហូរ​ចូល​ទឹក​វិញ​អស់​។ ជួនជាចៃដន្យ​មាន​សំពៅ​របស់​នាយ​សំពៅ​បាន​​ធ្វើ​ដំណើរ​កាត់​ទីនោះ​ ភរិយា​របស់​នាយ​សំពៅ​ឈ្មោះ​នាង​លក្ខិណា​បានប្រាប់​ហើយ​ដោយ​នាយ​សំពៅ​លួច​បេតី​នាង​មាយា​ផង​នោះ​ ក៏​ធ្វើ​ជា​ខឹង​សម្បារ​ថា​ប្រពន្ធ​មាន​ចិត្ត​ឱ្យ​ចៅ​មាណព​ ហើយ​សុំ​ប្ដូរ​ប្រពន្ធ​គ្នា​។

រឿង​រ៉ាវ​ជីវិត​រវាង​នាយ​សំពៅ​​និង​នាង​មាយា​នឹង​ទៅ​ជា​យ៉ាង​ណានៅ​ពេល​ចាប់​ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​? ចំណែក​ចៅមាណព​ពេល​បាន​នាង​លក្ខិណា​ជា​ប្រពន្ធ​តើ​ជីវិត​របស់​គេ​កាន់​តែ​ដុនដាប​ជាង​មុន​ឬ​ល្អ​ប្រសើរ​ជាង​មុន​? អាច​ទស្សនា​វីដេអូ​រឿង​ «មាយើង​» នៅ​លើ​ផេក​ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​​ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.