ស្ត្រីម្នាក់មានទីលំនៅនៅម្ដុំស្ទឹងមានជ័យបានហៅកង់បីជិះចេញពីម្ដុំវិមានឯករាជ្យប្រាប់ថាខ្លួនមានបំណងចង់ទៅបាក់ខែង ដោយធ្វើដំណើរមណ្ដើរយំបណ្ដើរ ។

លុះមកដល់លើស្ពានជ្រោយចង្វារក៏បានសុំកង់បីឈប់តែអ្នកបើកបរកង់បីឃើញសភាពមិនស្រួលមិនបានឈប់ទេដោយប្រាប់ថាចាំទៅដល់ខាងក្រោមស្ពានចាំឈប់។

ស្ត្រីនោះគិតតែពីយំក៏បានលោតចុះពីលើកង់បី អ្នកបើកបរកង់បីឃើញដូចនេះក៏បានរត់ទៅប្ដឹង សមត្ថកិច្ច ដែលឈរជើងនៅគោលដៅគល់ស្ពានត្រើយខាងកើត ក្រោយពីបានទទួលដំណឹង ភ្លាម សមត្ថកិច្ចបានមកដល់លើទីតាំងកើតហេតុក៏បានជួយទាញដៃទម្លាក់ស្ត្រីរងគ្រោះ ចុះពី លើបង្កាន់ដៃស្ពានទាំងប្រផិតប្រផើយ។

នេះបើតាមការបញ្ជាក់របស់អ្នកបើកបរកង់បីដែលបានដឹកស្ត្រីរងគ្រោះ។

ក្រោយពីមានការសាកសួររបស់ក្រុមអ្នកសារព័ត៌មានស្ត្រីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា ខ្លួនមានទីលំនៅនៅឯម្ដុំស្ទឹងមានជ័យឯណោះ។  ខ្លួនមកទីនេះដោយសារតែមានវិបត្តិគ្រួសារ កូននិងប្ដីប្រើប្រាស់ថ្នាំញៀនតែងតែវាយធ្វើបាបមកលើខ្លួនគាត់ជារៀងរាល់ថ្ងៃ ទើបអត់ទ្រាំ មិនបាននឹងពិបាកចិត្តខ្លាំងពេកក៏សម្រេចចិត្តបញ្ចប់ជីវិតនៅលើស្ពានជ្រោយចង្វារនេះដើម្បី បញ្ចប់បញ្ហាផ្សេងៗ។

ក្រុមអ្នកសារព័ត៌មានបានព្យាយាមសាកសួរថាមានឈ្មោះអីមានអាយុប៉ុន្មានតែស្ត្រីរងគ្រោះ មិនបានប្រាប់ទេដោយគិតតែពីយំ។

 ករណីប៉ុនប៉ងលោតទឹកស្ពានដើម្បីបញ្ចប់ជីវិតនេះកើតឡើងនៅយប់ថ្ងៃទី 28 ខែតុលាឆ្នាំ 2021 ស្ថិតនៅលើស្ពានជ្រោយចង្វារទី1 មិត្តភាពកម្ពុជាជប៉ុនក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោយពីប៉ុនប៉ងលោតទឹកស្ពានបញ្ចប់ជីវិតមិនបានសម្រេច ស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ជ្រោយចង្វារនាំខ្លួនទៅកាន់ប៉ុស្តិ៍ធ្វើការអប់រំបន្តទៀត និងណែនាំកុំឱ្យគិតខ្លី បញ្ចប់ជីវិតខ្លួនជាថ្មី៕

អត្ថបទ៖សុខលី

Share.