តារា​សម្ដែង Lori Loughlin បាន​ចាយ​ប្រាក់ ៥០ម៉ឺន​ដុល្លារ​ ​ជួយ​​​ដល់​និស្សិត​ពីរ​នាក់​ក្រោយ​លោក​ស្រី​ត្រូវ​បាន​ដោះ​លែងចេញ​ពី​ពន្ធ​នាគារ​​មិន​ដល់​មួយ​ឆ្នាំ​ផង​​។

តារា​សម្ដែង​វ័យ​៥៧​ឆ្នាំ​បាន​ចាយ​ប្រាក់​​និស្សិត​ចំនួន​២​រូប​ដោយ​មិន​បង្ហាញ​អត្តសញ្ញាណ​រយៈ​ពេល​៤​ឆ្នាំ​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ US Weekly ។ អ្នក​តំណាង​របស់​តារា​ស្រី​ពី​ភាពយន្ត​ភាគ​ជា​​ស៊េរី​ «Full House» បាន​អះអាង​ពី​ការ​ជួយ​ឧបត្ថម្ភនេះ ​ប៉ុន្តែ​បដិសេធ​មិន​ផ្ដល់​នូវ​ព័ត៌មាន​លម្អិត​។ លោក​ស្រី​ Loughlin និង​ស្វាមី​ជា​អ្នក​ច្នៃ​ម៉ូដ​ដ៏​ល្បីល្បាញ​លោក​ Mossimo Giannulli ស្ថិត​ក្នុង​ចំពោះ​ឪពុកម្ដាយ​ជា​អ្នក​មាន​ទ្រព្យ​ត្រូវ​បាន​​ពិន័យ​ប្រាក់​ដោយ​សារ​តែ​ប្រើប្រាស់​លុយ​ជួយ​ឱ្យ​កូន​ៗ​របស់​ខ្លួន​បាន​ចូល​ក្នុង​សកលវិទ្យាល័យ​ល្បី​ៗ​តាម​រយៈ​ការ​តម្លើង​ពិន្ទុ​​​​ និង ឯក​សារ​អត្តពលិក​​ក្លែងក្លាយ​​​។

បុគ្គល​ល្បី​ទាំង​ពីរ​រូប​បាន​ទទួល​ស្គាល់​ថា​ពួក​គេ​បាន​ចំណាយ​ប្រាក់​ ៥០​ម៉ឺន​ដុល្លារ​ឱ្យ​ទៅកាន់​ Rick Singer និង​ Key Worldwide Foundation ដើម្បី​ជួយ​ដល់​កូន​ស្រី​ Olivia Jade និង​ Isabella Rose បាន​ចូល​សិក្សា​នៅ​ក្នុង​មហាវិទ្យាល័យល្បី​​ Southern California ក្នុង​នាម​ជា​និស្សិត​​ជា​អត្តពលិក​។​

តារា​សម្ដែង​ Lori​ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ខែ​ ហើយ​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព​ចំនួន​កាល​ពី​ខែ​ធ្នូឆ្នាំ​២០២០ ហើយ​បង់​ប្រាក់​ផាក​ពិន័យ​​ចំនួន ​១៥ម៉ឺន​ដុល្លារ​ និង​ត្រូវ​បម្រើ​ការងារ​ដើម្បី​ប្រយោជន៍​សាធារណៈ​ក្រោយ​ចេញ​ពី​ពន្ធនាគារ​ចំនួន​ ១០០​ម៉ោង​ ខណៈ​ដែល​ ស្វា​មី​អ្នក​ស្រី​ ជាប់​ពន្ធនាគារ​ចំនួន​៥​ខែ​​ ​ពិន័យ​ជា​ទឹក​ប្រាក់​ ២៥​ម៉ឺន​ដុល្លារ​ ហើយ​បំពេញ​ការងារ​ដើម្បី​ជា​ប្រយោជន៍​សាធារណៈចំនួន ​២៥០​ម៉ោង​ ដោយ​លោក​ត្រូវ​បាន​ដោះ​លែង​វិញ​កាល​ពី​ខែ​មេសា​ឆ្នាំ​២០២១​នេះ​។

បន្ទាប់​ពី​លោក​ Louglin ត្រូវ​បាន​ដោះ​លែង​ លោក​ស្រី​បាន​ត្រលប់​ចូល​មក​ក្នុង​វិស័យ​សម្ដែង​ឡើង​វិញ​ ហើយ​លោក​ស្រី​ក៏​បាន​សម្ដែង​ជា​​តួ​អង្គ​ Abigail Stanton នៅ​ក្នុង​រដូវកាល​ទីពីរ​នៃ​រឿង​ «When Hope Calls» ដែល​ធ្លាប់​ផ្សាយ​នៅ​លើ​ទូរទស្សន៍​ Hallmark ប្ដូរ​មក​ផ្សាយ​នៅ​ទូរទស្សន៍​ GAC Family វិញ​។

រំលឹក​ឡើង​វិញ​នៅ​ពេល​ផ្ទុះ​រឿង​អាស្រូវ​នេះ​ចេញ​មក​មខាង​ក្រៅ​ក្រុម​ហ៊ុន​មេ​របស់​ទូរទស្សន៍ Hallmark បាន​លុប​ចោល​កុង​ត្រា​ថត​និង​សម្ដែង​ទាំង​អស់​រវាង​ខ្លួន​និង​ Loughlin។ រឿង​ «When Hope Calls» គឺជា​រឿង​កម្លាយ​ពី​រឿង​ «When Calls the Heart» ដែល​សម្ដែង​ដោយ​ Loughlin ជា​តួអង្គ​ Abigail ប៉ុន្តែ​កាល​ណោះ​លោក​ស្រី​ត្រូវ​បាន​និពន្ធ​ឱ្យ​ចេញ​ពី​សាច់​រឿង​ត្រឹម​រដូវ​កាល​ទី​៦​ ព្រោះ​លោក​ស្រី​ពាក់ព័ន្ធ​នឹង​បញ្ហា​អាស្រូវ​​ប្រើ​​ល្បិច​ឱ្យ​កូន​ស្រី​បាន​ចូលរៀន​មហាវិទ្យាល័យ​ល្បី​ឈ្មោះ​។

ការ​ចំណាយ​ប្រាក់​ដ៏​ច្រើន​ដើម្បី​ជួយ​ឱ្យ​និស្សិត​ចំនួន​២​​រូប​ឱ្យ​សិក្សា​ចប់​ចុង​ចប់ដើម​នេះ​ មិន​ត្រូវ​បាន​សាធារណជន​គាំទ្រ​ និង​សាទរនោះ​ឡើយ​ ​ដោយ​សារ​តែ ​អ្នក​ទាំង​នោះ​នៅ​តែ​មិន​ពេញ​ចិត្ត​ ព្រោះ​តែ​​យល់​ឃើញ​ថា​លោក​ស្រី​ធ្វើ​នេះ​គ្រាន់​តែ​ដើម្បីលុបលាង​កេរ្តិ៍ឈ្មោះ​​មិនល្អ​របស់​ស្រី​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ប៉ុណ្ណោះ​៕

Telegram-Troryorng
Share.