ភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈដែលជិះម៉ូតូឌុប យកនំទៅឲ្យកូន ជួបគ្រោះថ្នាក់ចរាចរណ៍ រអិលដួលម៉ូតូ ត្រូវរថយន្តកូរ៉េបុកកិនស្លាប់ នៅតាមផ្លូវ ចំណែកបុរសជាអ្នកឌុបរងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវហាណូយ ចំណុចភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះស្លាប់ក្នុងឧប្បត្តិហេតុខាងលើ មានឈ្មោះ តេង មុំ ភេទស្រី អា យុ៥២ឆ្នាំ រស់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុប ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HL-2689 បើកបរដោយបុរសម្នាក់ ក្នុងគោលបំណងយកនំទៅឲ្យកូន នៅក្បែរកន្លែងកើតហេតុ ខណៈដែលធ្វើដំណើរដល់ចំណុចកើតហេតុ ម៉ូតូបានបើកវ៉ាជែងរថយន្តខាងមុខ ជ្រុលធ្លាក់ផ្លូវបាក់ស្រុត បែជារអិលដួលខ្ទាតជនរងគ្រោះចូលរថយន្តកំពុងបើកស្របទិសគ្នា ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4080 បើកដោយឈ្មោះ ឡេវ ចាវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបររថយន្តដឹកគ្រឿងសំណង់ មានទីលំនៅភូមិ សារិកាកែវ ឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្ន សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចពិនិត្យធ្វើកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ហើយបុរសរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ។ ចំណែករថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចយកទៅការិយាល័យចរាចរណ៍ជើងគោក កសាងសំណុំរឿងដើម្បីដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖ ភ្នាក់ងាររាជធានី

Share.