បាត់ដំបង៖ ជនមិនស្គាល់អត្តសញ្ញាណម្នាក់បានបន្លំខ្លួនធ្វើជាសន្តិសុខមន្ទីរព្យាបាលឯកជនមួយកន្លែង រួចលួចយករថយន្តសេរីទំនើបរបស់អ្នកជំងឺ ១គ្រឿងទៅបាត់ដោយសុវត្ថិភាព។

សមត្ថកិច្ចបានឲ្យដឹងថា បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានបន្លំធ្វើជាសន្តិសុខរបស់មន្ទីរពេទ្យមួយ ឈ្មោះ កែ ស៊ីនួន រួចលួចយករថយន្តរបស់អ្នកជំងឺមួយគ្រឿងជិះចេញទៅកាលពីជិតម៉ោង ១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ នៅក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពខាងលើបានបន្តទៀតតថា រថយន្តដែលត្រូវចោរលួចនោះម៉ាកឡិចស៊ីស Rx ៣៣០ ពណ៌មាស ពាក់ស្លាកលេខ បាត់ដំបង២B-៨៥៦៨ ដែលម្ចាស់ឈ្មោះ អុង ប៊ុនធាង ភេទប្រុស អាយុ ៤៣ឆ្នាំមានទីលំនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុងសាលាក្រៅ ខេត្តប៉ៃលិន។ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានដឹកឪពុកដែលមានជំងឺមកពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជនយីហោ កែ ស៊ីនួន ឋិតនៅចំណុចកើតហេតុខាងលើ ខណ:មកដល់មន្ទីរពេទ្យជនសង្ស័យក៏បានណែនាំឲ្យគាត់រកកន្លែងចតរថយន្តឲ្យបានល្អ ប៉ុន្តែជនរងគ្រោះម្ចាស់រថយន្តក៏បានប្រគល់កូនសោរឲ្យទៅបុរសនោះដោយនឹកស្មានថាជាសន្តិសុខរបស់មន្ទីរពេទ្យ រួចក៏ប្រញាប់ប្រញាល់នាំឪពុកចូលក្នុងមន្ទីរពេទ្យ រហូតមួយសន្ទុះធំក៏ចេញដើម្បីមកយកកូនសោពីសន្តិសុខ ស្រាប់តែបាត់ទាំងសន្តិសុខ បាត់ទាំងរថយន្តរបស់ខ្លួន ក៏ភ្ញាក់ផ្អើលឡើងតែម្តង និងបានឆែកកាមារ៉ាសុវត្ថិភាពមើល។

ពាក់ព័ន្ធករណីនេះកម្លាំងនគរបាលផ្នែកជំនាញបានអះអាងថា បន្ទាប់ពីកើតហេតុជាច្រើនម៉ោង នៅអំឡុងវេលាម៉ោង ៧:០០នាទី យប់ថ្ងៃដដែល លោកទទួលបានព័ត៌មានពីសមត្ថកិច្ចស្រុក សូត្រនិគម ខេត្តសៀមរាប បញ្ជាក់ថា ពួកគេបានប្រទះឃើញរថយន្តជាមុខសញ្ញានោះហើយ រួចថែមទាំងបានបើករថយន្តតាមប្រកៀកប្រកិតពីក្រោយផងដែរ រហូតដល់ទឹកដីខេត្តកំពង់ធំក៏បាត់ដានតែម្តង។

នគរបាលខាងលើបានប្រាប់ឲ្យដឹងដែរថា មកទល់ព្រឹកថ្ងៃទី ២៩ ខែតុលានេះមុខសញ្ញាចោរលួចរថយន្ត អាចកំពុងសម្ងំលាក់ខ្លួននៅក្នុងទឹកដីខេត្តកំពង់ធំនៅឡើយ៕

អត្ថបទ៖ដំបងក្រញូង

Share.