រថយន្តបែនដឹកដីមួយគ្រឿង បើកលឿនជ្រុលគេចពីម៉ូតូ ជ្រុលធ្លាក់ផ្លូវផ្អៀងមួយចំហៀង ទៅបោកផ្ទប់នឹងរបងវត្តទឹកថ្លា បណ្តាលឲ្យបាក់អស់២ផ្ទាំង រថយន្តរងខូចខាត តែមិន ប៉ះពាល់ដល់មនុស្ស ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៣ មុខវត្តទឹកថ្លា ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកនីសាន់ បែនកង់៦ ដឹកដី ពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ KPS-0663 ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុរថយន្តបង្កដឹកដី បើកតាមបណ្តោយផ្លូវជាតិ លេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ល្បឿនលឿន ដល់ចំណុចកើតហេតុ គេចពីម៉ូតូ បែរជា ជ្រុលធ្លាក់ផ្លូវ ផ្អៀងកង់មួយចំហៀងរកកល់នឹងក្រឡាប់ បោកផ្ទប់ទៅនឹងរបងវត្ត បណ្តាលឲ្យ បាក់អស់២ផ្ទាំង រថយន្តរងខូចខាត តែមិនបង្កឲ្យអ្នកណារងរបួស ។

ក្រោយកើតហេតុ ម្ចាស់រថយន្តសុំធ្វើការសម្របសម្រួលជាមួយគណៈកម្មការវត្ត ដោយ សុខចិត្តហៅជាងមកធ្វើរបងថ្មី២ផ្ទាំងសងវិញ ដើម្បីបញ្ចប់រឿង ហើយអូសរថយន្ត ទៅជួសជុលខ្លួនឯង ៕

Share.