រថយន្ត ford ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BC-7996បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្ដោយផ្លូវលេខ 199លុះមកដល់ស្តុបវិទ្យាល័យទួលស្វាយព្រៃកែងជាមួយផ្លូវម៉ៅសេទុងក៏បានបុកជាមួយនឹងរថយន្តព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BJ-6057បើកបរដោយនារីម្នាក់ក្នុងទិសដៅពីកើតទៅលិចតាមបណ្ដោយ ផ្លូវម៉ៅសេទុងពេញទំហឹងបណ្ដាលឱ្យរថយន្ដព្រួសរងការ ខូចខាតមួយចំហៀង វិលមួយជុំ រួចទៅបុកជាមួយនឹងក្បាលនាគពុះចែកទ្រូងផ្លូវ ទើបដាច់កាឡេកង់ក្រោយទៅមុខលែងរួច។ ចំណែកឯរថយន្ត ford រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ដោយឃើញហេតុការណ៍មិនស្រួលអ្នកបើកបររថយន្ត Ford បានបើកទ្វាររថយន្តគេចខ្លួន ដោយបន្សល់ទុករថយន្តខូចខាតនៅនឹងកន្លែងកើតហេតុ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះពុំបណ្ដាលឲ្យមានអ្នករបួសនោះទេគ្រាន់តែខូចខាតរថយន្តទាំងសងខាងតែប៉ុណ្ណោះ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង2:20នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគរបាលរាជធានី  ភ្នំពេញបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ស្ទូចរថយន្តទាំងពីរយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ដើម្បីដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖សុខលី

Share.