យោងតាមការឱ្យដឹងពីលោក Kevin Feige ដែលជាអគ្គនាយករបស់ផលិតកម្ម Marvel Studiosដំបូងឡើយតួអង្គ Doctor Strange នឹងត្រូវបង្ហាញវត្តមាននៅក្នុងភាគចុងក្រោយនៃរឿង Wanda ប៉ុន្តែក្រុមការងារបានសម្រេចចិត្តកាត់ចោលប្លង់ Doctor Strange នៅក្នុងរឿង Wanda នោះចោលវិញ។

ការពិតតួអង្គ Doctor Strange (Benedict Cumberbatch) ត្រូវបង្ហាញវត្តមាននៅក្នុងភាគចុងក្រោយនៃសាច់រឿងដើម្បីធ្វើឱ្យសាច់រឿងកាន់តែទាក់ទាញ ហើយជាពិសេសនោះដើម្បីប្រូម៉ូតភាពយន្ត Doctor Strange នឹងត្រៀមបញ្ចាំងនាពេលអនាគតផងដែរ។ តែដោយក្រុមផលិតពិភាក្សាគ្នាហើយ យល់ឃើញថាការបង្ហាញវត្តមានកិត្តិយសរបស់តួអង្គ Dr. Stephen Strange នឹងធ្វើឱ្យអ្នកទស្សនាបាត់បង់ការផ្ដោតចំណាប់អារម្មណ៍លើតួអង្គ Wanda ( Elizabeth Olsen) និងសាច់រឿងរបស់នាងទើបសម្រេចចិត្តកាត់ចោលប្លង់របស់ Doctor Strange ចេញតែម្ដង។

«មនុស្សមួយចំនួនប្រហែលជានិយាយថា បើបានឃើញវត្តមាន Doctor Strange ពិតជាអស្ចារ្យណាស់ តែនឹងធ្វើឱ្យការផ្ដោតអារម្មណ៍លើសាច់រឿង Wanda ត្រូវថយចុះ ហើយនេះមិនមែនជាអ្វីដែលក្រុមការងារចង់បាននោះទេ។ យើងមិនចង់ធ្វើឱ្យចុងបញ្ចប់នៃសាច់រឿងនេះ ក្លាយជាចំណុចថ្ពក់ភ្ជាប់ទៅកាន់រឿងមួួយទៀត យើងចង់បង្ហាញពីភាពអស្ចារ្យរបស់រឿង Wanda តែមួយបានហើយ»។

ស្ដាប់តាមការបញ្ជាក់របស់លោក Rolling Stone ការសម្រេចចិត្តកាត់ចោលប្លង់ Doctor Strange ពីរឿង Wanda Vision ធ្វើឱ្យក្រុមផលិតត្រូវសរសេរសារជាថ្មីឡើងវិញ នូវចំណុចសំខាន់ៗមួយចំនួន ក្នុងភាពយន្ត Doctor Strange ដែលគ្រោង នឹងបញ្ចាំងនៅរោងភាពយន្តនាថ្ងៃទី២៥ ខែ មីនា ឆ្នាំ ២០២២ ខាងមុខនេះ។
Wanda Vision គឺជាភាពយន្តភាគជាស៊េរីខ្នាតខ្លី ផលិតដោយផលិតកម្ម Marvel Studios សម្ដែងដោយ Elizabeth Olsen មានចំនួន ៩ភាគ បញ្ចាំងជូនទស្សនានៅលើ Channel របស់ Disney ៕