ពេលថ្មីៗនេះ គេបានឃើញតារាសម្ដែងឯកប្រុសរូបសង្ហា លោក ព្រីន បានទាក់ទាញចំណាប់អារម្មណ៍ពីមហាជនតាមរយៈការគ្រងឈុតបុរាណខ្មែរ។ គេឃើញមានរូបថតជាច្រើនសន្លឹកដែលលោកបានបង្ហោះនៅលើបណ្ដាញសង្គម ទាំងអស់រួមមាន ឈុតព្រះមហាក្សត្រក្នុងសម័យចេឡា ឈុតល្បុក្កតោ និងឈុតទេវតាតូរ្យតន្ត្រី។ យ៉ាងណាមិញ កាលពីឆ្នាំ២០២០ កន្លងទៅ លោកក៏ធ្លាប់បានចូលរួមបង្ហាញ និងផ្សព្វផ្សាយពីឈុតល្ខោនខោលខ្មែរ ដែលលោកគ្រងឈុតហនុមានស។

លោក ព្រីន បានឆ្លើយប្រាប់អ្នកសារព័ត៌មានត្រយងនៅថ្ងៃទី ១៩ ខែវិច្ឆិកា នេះថា ក្នុងនាមលោកជាសិល្បករ និងជាមនុស្សរបស់មហាជនមួយរូប លោកមានចេតនាចូលរួមផ្សព្វផ្សាយពីអរិយធម៌ និងវប្បធម៌បុរាណខ្មែរ យ៉ាងហោចណាស់ឱ្យបាន១ឆ្នាំម្ដង ដើម្បីបង្ហាញទៅកាន់ពិភពលោកបានទទួលស្គាល់ និងដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានដឹងពីអ្វីដែលដូនតាខ្មែរបានបន្យល់ទុកឱ្យ។ លោក ព្រីន ថា« ជាការពិត កាលដែលខ្ញុំគ្រងឈុតបុរាណថតបង្ហោះឱ្យមហាបានឃើញនេះ ក៏ព្រោះថា មួយគឺក្ដីស្រឡាញ់ចំពោះវប្បធម៌ខ្មែរ។ មួយទៀតគឺ ជាការចូលរួម ផ្សព្វផ្សាយ ការពារ អភិរក្ស និងលើកស្ទួយ នូវអ្វីដែលដូនតាខ្មែរយើងមានទៅកាន់ពិភពលោក បានឃើញ ហើយទទួលស្គាល់ថា នេះជារបស់ខ្មែរ ជាជាតិសាសន៍មានវ័យចំណាស់មួយ»។

តារាសម្ដែងរូបសង្ហារូបនេះ បានបញ្ជាក់បន្ថែមថា នៅពេលគ្រងឈុតនិមួយៗ គឺលោកស្លង់អារម្មណ៍ចូលតួតាមឈុត ដូចមានអ្វីសណ្ឋិតអីចឹង។ លោកថា លោកនឹងមិនឈប់បង្ហាញត្រឹមនេះទេ នៅពេលខាងមុខទៀត លោកនឹងលើកបង្ហាញអំពីឈុតផ្សេងៗទៀត ដែលភាគច្រើនជាឈុតកម្រ ហើយមានខ្លះទៀតបានបាត់បង់ ក៏ប៉ុន្ដែត្រូវបានក្រុមការងារលោកចុះស្រាវជ្រាវ តាមរយៈឯកសារ និងរូបចម្លាក់មាននៅលើប្រាង្គប្រាសាទ នឹងគាស់រំលើងមកវិញ ដើម្បីធ្វើឱ្យឈុតនោះមានព្រលឹងឡើងវិញ៕

Telegram-Troryorng
Share.