ភ្នំពេញ ៖ តាមអំពើប្រព្រឹត្តិពីសំណាក់ក្រុមឃាតរ៥-៦នាក់ ដែលដាក់ខ្សែស្ទាក់ម៉ូតូយុវតី ឌ អ ជូ ជាសិស្សថ្នាក់ទី១២ ត្រង់ផ្លូវស្ងាត់ បន្ទាប់ពីនាងចេញពីរៀនគួរ យើងអាចសន្និដ្ឋានជំហានដំបូងបានថា ក្រុមឃាតករអាចប្រឈមនឹងបទចោទពីតុលាការ ត្រង់មាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ គឺ បទឃាតកម្មដោយទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ។ បទល្មើសនេះ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារ​ជនល្មើស​ ជាប់​ពន្ធនាគារ [អស់មួយជីវិត]។

សូមុចច​អាន​៖ ជនមិនស្គាល់មុខ​៦នាក់​ ដាក់ខ្សែកាត់ទទឹងផ្លូវ ទាក់ចាប់​រំលោភ​យុវតីម្នាក់ រហូតបាត់បង់ជិវិត

ហេតុដែលថា អាចនឹងត្រូវតុលាការចោទនិងផ្ដន្ទាទោសពីបទល្មើសតាមមាត្រានេះ ព្រោះយើងពិនិត្យឃើញចេតនាទុច្ចរិតឃោរឃៅរបស់ក្រុមជនល្មើសតាមរយៈអំពើពួនស្ទាក់ចងខ្សែកាត់ទទឹងផ្លូវនៅកន្លែងស្ងាត់ ដើម្បីផ្ដួលម៉ូតូជនរងគ្រោះ។ តើពេលគ្នាដួល មានសភាពបែបណា? ពេលដួលហើយ ជនល្មើសចាប់វាយធ្វើបាបបង្ខំរំលោភម្ដងម្នាក់ៗ តើស្ថានភាពជនរងគ្រោះយ៉ាងណា? បន្ទាប់រំលោភរួច ក្រុមជនល្មើសធ្វើសកម្មភាពសម្លាប់នាង តើគ្នាវេទនាប៉ុណ្ណា? ទាំងនេះហើយ សុទ្ធតែបង្ហាញពីចរិតឃោរឃៅរបស់ក្រុមឃាតករ។

ក្រឡេកមកមើលខ្លឹមសារបទល្មើស ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ វិញ គឺសំដៅឃាតកម្មដែលកើតក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ។ មានន័យថា ជាឃាតកម្ម(សម្លាប់) ដែលកើតក្នុងពេលឬក្រោយពេល ដែលជនល្មើសប្រើទារុណកម្មលើជនរងគ្រោះ ឬក្នុងពេល-ក្រោយពេល ដែលជនល្មើសប្រើអំពើឃោរឃៅលើជនរងគ្រោះ ឬក៏ក្នុងពេល-ក្រោយពេល ដែលជនល្មើសបានរំលោភសេពសន្ថវៈជនរងគ្រោះរួចហើយ។

ជារួម ក្រុមជនល្មើសនឹងប្រឈមនឹងទោសពេលចាប់ខ្លួនបាន ដោយយោងតាមធាតុផ្សំនៃបទល្មើសចំនួន៣។ ទី១ ធាតុនីត្យានុកូល (ច្បាប់) គឺច្បាប់ព្រហ្មទណ្ឌ កំណត់ជាមុនថាជាបទល្មើសដែលត្រូវផ្ដន្ទាទោស។ ទី២ ធាតុសត្យានុម័ត គឺសំដៅអំពើប្រព្រឹត្តិរបស់ជនល្មើស មានចរិតឃោរឃៅដូចបានរៀបរាប់ខាងលើ និងទី៣ ធាតុអត្តនោម័ត (ចេតនា) គឺជនល្មើសមានចេតនាទុច្ចរិត ប្រកបដោយចរិតឃោរឃៅ។ តែទោះយ៉ាងណា ត្រឹមតែជាប់ពន្ធនាគារអស់មួយជីវិតប៉ុណ្ណោះអាស្រ័យលើការសម្រេចរបស់តុលាការ ដោយពុំអាចកាត់ទោសប្រហារជីវិតនោះទេ ដោយសារថាកម្ពុជាពុំមានទោសប្រហារជីវិតឡើយ៕

Telegram-Troryorng
Share.