ខេត្តព្រះសីហនុ៖ អភិបាលរងខេត្តព្រះសីហនុ បានផ្ញើសារ ដោយស្នើរសំុ ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ក៏ដូចជាបងប្អូនជាភ្ញៀវទេសចរណ៏ទាំងអស់ រួមគ្នាការពារអនាម័យបរិស្ថាន ព្រោះបរិស្ថានស្អាត គឺជាកោសិការនៃការអភិវឌ្ឍន៏សង្គមជាតិ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងបែបនេះ នៅក្នុង « ទិវាអនាម័យបរិស្ថានជាតិ” នាព្រឹកថ្ងៃទី២៣វិច្ឆិការឆ្នាំ២០២១ ដោយលោកបានសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភ័ណភាពទីប្រជុំជន និងសុខមាលភាពសាធារណៈយើងទាំងអស់គ្នា ចាំបាច់ត្រូវ យកចិត្តទុកដាក់ការលើកកម្ពស់ការគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ ញែកសំរាមតាមប្រភេទ ដូចជាសំណល់អាចកែច្នៃបាន (អេតចាយ)សំណល់សរីរាង្គ សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ និងសំណល់ផ្សេងៗដើម្បីប្រែក្លាយសំណល់មួយចំនួនឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយនូវបរិមាណសំណល់នៅតាមទីលាន។

ប្រភពដ៏ដែលបានបន្តថា ទិវាអនាម័យបរិស្ថានជាតិនេះត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនាឆ្នាំ១៩៩៥ ក្នុងគោលបំណងបំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត សាធារណជនទាំងអស់ ឱ្យចូលរួមធ្វើអនាម័យកែលម្អសោភ័ណទីក្រុង ទីប្រជុំជន ជនបទភូមិស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈ មណ្ឌលសេដ្ឋកិច្ច សំដៅរួមចំណែកកសាងសង្គមកម្ពុជា ឱ្យមានបរិស្ថានល្អស្អាត និងភាពស្រស់បំព្រង។

តាមរយៈនេះ ក្នុងនាមមន្ទីរបរិស្ថានខេត្តព្រះសីហនុ ដែលជាសេនាធិការជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់ចំណេះដឹង ជាសាធារណៈ អំពីកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព ត្រូវបន្តខិតខំអនុវត្ត និងត្រូវបង្កើននូវកិច្ចខិតខំប្រឹងប្រែងក្នុងការអប់រំ និង ផ្សព្វផ្សាយគ្រប់មធ្យោបាយ និងគ្រប់រូបភាពសំដៅ លើកកម្ពស់ ចំណេះដឹងបរិស្ថាន ដើម្បីផ្លាស់ប្តូរផ្នត់គំនិតសា ធារណជនប្រតិបត្តិមេត្រីភាពបរិស្ថាន៕

Share.