សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៣និង២៤ខែវិច្ឆិកាឆ្នាំ២០២១នេះបានសម្រេចឃុំខ្លួនឧត្តមសេនីយ៍យោធាចំនួន ២រូប និងបក្ខពួកចំនួន ៥នាក់ ពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់ ដែលសមត្ថកិច្ចបង្ក្រាបនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ការសម្រេចឃុំខ្លួនមន្ត្រីយោធាពាក់ព័ន្ធទាំង៧រូបនេះធ្វើឡើងបន្ទាប់ពីតុលាការរកឃើញថា ពួកគេបានជាប់ពាក់ព័ន្ធនឹងបទជួញដូរ នាំចេញ និងសន្និធិអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ មានសមត្ថកិច្ច តាមមាត្រា ៤៨៨ និងមាត្រា ២០ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។

ឧត្តមសេនីយ៍យោធាពីររូប ក្នុងនោះមានផ្កាយមួយម្នាក់ និងផ្កាយពីរម្នាក់ និងបក្ខពួក ចំនួន ៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថសហការជាមួយកម្លាំងនគរបាលលជាតិ ចាប់ខ្លួន បានជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបងជាប់ នឹងព្រំដែនជាមួយប្រទេសថៃ កាលពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីកន្លែងផ្សេងគ្នា។

ប្រភពពីមន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា សមត្ថកិច្ចកំពុងតែចាប់ខ្លួន អ្នកដែលពាក់ព័ន្ធមួយចំនួនទៀត ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕

អត្ថបទ៖មិនា

Share.