ក្មេងស្រីម្នាក់តូចចិត្តនឹងឪពុកម្ដាយបងប្អូនស្ដីបន្ទោសឱ្យបន្តិចបន្តួចសោះស្រាប់តែដើរឡើង លើស្ពានមិត្តភាពកម្ពុជាជប៉ុនជ្រោយចង្វារប៉ងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ដោយសារតែប្រជាពលរដ្ឋក្រឡេកឃើញទាន់នាំគ្នាជួយសង្គ្រោះរួចផុតពីសេចក្ដីស្លាប់បង្កការ ភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះមាន ឈ្មោះ ចនស្រីណន ហៅម៉ៅ ភេទស្រី អាយុ ១៨ឆ្នាំ សព្វថ្ងៃ ជាសិស្ស ថ្នាក់ទី១១នៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនភ្នំពេញថ្មី មានស្រុកកំណើតរស់នៅខេត្តស្វាយរៀង។ បច្ចុប្បន្នស្នាក់នៅជាមួយនឹងឪពុកម្ដាយនៅខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុការណ៍ គេបានឃើញក្មេងស្រីរងគ្រោះជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរពីរង្វង់មូលកួចកាណុងហើយក៏បានឲ្យកង់បីឈប់រួចដើរឡើងមកលើស្ពានជ្រោយចង្វារដើរបណ្ដើរយំបណ្ដើរនៅក្នុងដៃរបស់នាងមានកាន់ទូរសព្វមួយគ្រឿងទៀតផង។ ពេលមកដល់ពាក់កណ្ដាល ស្ពានក៏ឈប់ហើយយកដៃទៅតោងលើ បង្កាន់ដៃស្ពានរួចស្រែកយំ ទើបប្រជាពលរដ្ឋដែល ធ្វើដំណើរឆ្លងកាត់នៅលើស្ពានមានការ សង្ស័យ ក៏នាំគ្នារត់ទៅចាប់នាងហើយរាយការណ៍ ជូនសមត្ថកិច្ចឱ្យចុះមកទទួលយក។

បន្ទាប់ពី ទទួលបានដំណឹងនេះភ្លាមៗសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ធ្វើការសាកសួរ នាងមិនព្រមនិយាយស្ដីបែរជាស្រែកយំកាន់តែខ្លាំងឡើងទើបសមត្ថកិច្ចសម្រេចចាប់នាងដាក់លើម៉ូតូរួចដឹកយកទៅកាន់ប៉ុស្តិ៍ស្រះចកដើម្បីធ្វើការសួរនាំនិងអប់រំកុំឱ្យគិតខ្លីបែបនេះបន្តទៅទៀត។

ក្រោយពីបានទទួលទូរស័ព្ទពីសមត្ថកិច្ច ឪពុកម្ដាយក្មេងស្រីនោះបានមក ទទួលយកនាង ពីប៉ុស្តិ៍ នគរបាលរដ្ឋបាលស្រះចកទៅផ្ទះវិញទាំងទឹកភ្នែករលីងរលោងនិង មិននឹកស្មាន ដល់ថាកូនស្រីរបស់គាត់គិតខ្លីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនដោយសារតែឪពុកម្ដាយ ស្ដីបន្ទោសឲ្យបន្តិចបន្តួចតែប៉ុណ្ណោះ៕

អត្ថបទ៖ចាន់ ភឿន

Share.