បុរសម្នាក់កំពុងដើររសាត់អណ្តែតតាមផ្លូវក្នុងភូមិ មេភូមិប្រទះឃើញសង្ស័យហៅនាំទៅ សាកសួរនៅទីស្នាក់ការភូមិ ប៉ុន្តែរកភស្តុតាងមិនឃើញក៏ឲ្យជនសង្ស័យវិលត្រឡប់ទៅវិញ តែមិនទៅ។ឆ្លៀតពេលដែលមេភូមិភ្លេចខ្លួន បែរជាធ្វើសកម្មភាពលួចលុយ និងទូរស័ព្ទ របស់មេភូមិផ្អើលអ្នកភូមិដេញចាប់ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ ទីស្នាក់ការភូមិ ក្បែងស្រះព្រះទន្លេ ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ លឹម ភារៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះ ឈ្មោះ សាយ សេងគ្រី ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ ជាមេភូមិ ថ្មគោល៣ រស់នៅក្នុងភូមិកើតហេតុ ។ ទូរស័ព្ទដៃ១គ្រឿងនិងប្រាក់២០ម៉ឺន រៀល ដែលជន សង្ស័យបានលួចយក ត្រូវបានដកហូតមកវិញ ។

តាមការបំភ្លឺពីលោកមេភូមិ ហើយក៏ជាជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់បាន ប្រទះឃើញជនសង្ស័យ ដើរត្រាច់ចរ ក្នុងភូមិ ឃើញសភាពមិនស្រួល សង្ស័យហៅទៅ សាកសួរនៅទីស្នាក់ការភូមិ ក៏ប៉ុន្តែគ្មានភស្តុតាងអ្វីអាចចោទប្រកាន់លើជនសង្ស័យកើត ក៏ឲ្យជនសង្ស័យបន្តដំណើរទៅវិញ តែមិនទៅ សុំនៅអង្គុយលេងសិន ក្នុងហេតុផល គ្មានគោលដៅ ។ពេលគាត់ភ្លេចខ្លួន បែរជាជនសង្ស័យធ្វើសកម្មភាពលួច លុយ និងទូរស័ព្ទ ពីក្នុងថតតុ បានហើយរត់ចេញ ទើបស្រែកឆោឡោ ផ្អើលអ្នកក្បែរខាង កម្លាំងប្រជាការពារ ដេញចាប់ឃាត់ខ្លួន ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង បញ្ជូន ទៅផ្នែកជំនាញខណ្ឌបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.