នគរបាលខណ្ឌកំបូល បញ្ជូនខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធទៅនឹងបទល្មើសរំលោភសេពសន្ទវៈបានសម្រេចហើយលួចទ្រព្យសម្បត្តិទៅកាន់តុលាការនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោយស្រាវជ្រាវតាមចាប់ខ្លួនបាន ។

ជនសង្ស័យក្នុងសំណុំរឿងនេះឈ្មោះ ផេង ភក្តី ហៅ និចហ្សីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិ តាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះជាដើមបណ្តឹង មានឈ្មោះ ស.អ ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ កោសជប់ ម៉ាស្សា មានទីលំនៅភូមិ គោកឃ្លាង សង្តាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យនិងជនរងគ្រោះស្គាល់គ្នាតាមរយៈហ្វេសប៊ុក ឆាតលេងស្គាល់ ណាត់ជួបគ្នាដើរលេង ផឹកស៊ី នៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ពួកគេបាន ជិះម៉ូតូឌុបគ្នាពីមុខផ្សារស៊ីនជូរី ផ្លូវសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដើរលេងអស់ចិត្ត រហូតដល់វេលាម៉ោង១២រំលងអធ្រាត្រចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ជនសង្ស័យឌុបជនរងគ្រោះក្នុងបំណងយកទៅផ្ទះរបស់ខ្លួន។ ធ្វើដំណើរដល់កន្លែងស្ងាត់ ចំណុចដីវាលក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ជនសង្ស័យឈប់ម៉ូតូហើយធ្វើសកម្មភាពចាប់រំលោភ សេពសន្ទវៈ លើជនរងគ្រោះ បានសម្រេចហើយ ឆ្លៀតឱកាសលួចទូរស័ព្ទដៃចំនួន២គ្រឿង និងលុយជាង១០ម៉ឺនរៀល ទៀតរួចរត់ឡើងម៉ូតូជិះរត់គេចខ្លួនបាត់ ទុកឲ្យនារីរងគ្រោះ ដើរទៅប្តឹងនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ ។

នគរបាលបន្តទៀតថា ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ ក្រោមបញ្ជាពីលោក វរសនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ កម្លាំងប៉ុស្តិ៍រដ្ឋបាល បើកការស្រាវជ្រាវ តាមស្វែងរកជនសង្ស័យ។ ទីបំផុតកម្លាំងបានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូនិច ពណ៌ស ពាក់ស្លាកលេខ តាកែវ 1R-8350 ត្រង់ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ក្រោយមក នគរបាលបានចាប់ឃាត់ខ្លួនជនសង្ស័យបាន នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ។

យោងតាមបណ្តឹងពីជនរងគ្រោះ និងផ្អែកលើចម្លើយសារភាព នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នគរបាលបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ដោយឡែកសម្ភារៈដែលដកហូតបានមកវិញ មានម៉ូតូមួយគ្រឿង ទូរស័ព្ទដៃរបស់នារីរងគ្រោះចំនួន២គ្រឿង ត្រូវបានប្រគល់ទៅជនជនរងគ្រោះវិញ។ ចំណែកលុយកាក់ជាង១០ម៉ឺនរៀល ត្រូវបានជនសង្ស័យចាយអស់៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.