កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ម្សិលមិញ​ ប្រុស​ស្អាត​ថេណា តារា​ចម្រៀង​ម្ចាស់​រហស្សនាម​ រាជបុត្រ​សំបូរ​មនោសញ្ចេតនា​ បាន​ចេញ​មក​ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​គាំទ្រ​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​ខ្លួន​ បន្ទាប់​ពី​បទ​ចម្រៀង​ «ខ្យល់​ត្រជាក់» អាច​រក​បាន​ចំនួន​ទស្សនា​គ្រប់​១០​លាន​ដង​ (10M Views) នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​៩​ខែ​ប៉ុណ្ណោះ​ ក្រោយ​បទ​ចម្រៀង​នេះ​ចេញ​កាល​ពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២១​ នេះ​។

សូមចុច​អាន ៩ បទ​​ថេណា​ ​មួយ​ៗ​បទ​មាន​ ​Views​លើស​១០​លាន​ដង​លើ​ ​YouTube​!

បទ​ចម្រៀង​ «ខ្យល់​ត្រជាក់» ដែល​ជា​បទ​ចម្រៀង​មនោសញ្ចេតនា​ស្នេហា​ដែល​រៀបរាប់​ពី​ការ​ស្រលាញ់​របស់​បុរស​ម្នាក់​ចំពោះ​សង្សារ​របស់​ខ្លួន​ដែល​ទោះ​​ជា​ពេល​នេះ​អ្នក​​ទាំង​ពីរ​លែង​ដូច​កាល​ពី​មុន​ប៉ុន្តែ​រូប​គេ​នៅ​តែ​ស្រលាញ់​បារម្ភ​ និង​នឹកនា​ជានិច្ច​ ជា​ពិសេស​នៅ​ពេល​ដែល​ខ្លួន​ត្រជាក់​ធ្លាក់​មក​ម្ដងៗ​ធ្វើ​ឱ្យ​រូប​គេ​នឹក​ដល់​អតីត​សង្សារ​កាន់​តែ​ខ្លាំង​ទ្វេរដង​។

កាល​ណោះ​​នៅ​ពេល​ដែល​តារា​ចម្រៀង​រូប​នេះ​បាន​បង្ហោះ​បទ​នេះ​រួច​លោក​បាន​ប្រើ​ Hashtag ថា​ #បទ​ចុងក្រោយ​ ព្រម​ទាំង​រៀបរាប់​ពី​ការ​នឿយ​ណាយ​របស់​ខ្លួន​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ផង​ដែរ​។ «ខ្ញុំចាប់ផ្ដើមវិថីសិល្បៈយូរហើយ ក្ដីបំណងដំបូងគឺចង់លើកស្ទួយសិល្បៈចម្រៀងសម័យអោយមានលក្ខណជារបស់ខ្លួន និងដើម្បីរស់ផងដែរ។ ខ្ញុំគិតថាខ្ញុំឆ្លងកាត់រឿងច្រើនណាស់ ជោគជ័យក៏បានច្រើនដែរ ហត់នឿយក៏ច្រើនដែរ។ គ្មានការចាប់ផ្ដើមណាដែលគ្មានទីបញ្ចប់នោះទេ។ ពេលខ្លះភាពស្ងប់ស្ងាត់ប្រហែលជាល្អសម្រាប់ខ្ញុំ។ សូម​អរគុណ​»

សំណេរ​រៀបរាប់​នោះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បង្ហាញ​ការ​បារម្ភ​ ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​ឱ្យ​​បុរស​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​កោះកុង​រូប​នេះ​ សំរាក​លម្ហែ​ខួរក្បាល​ ហើយ​ឆាប់​វិល​ត្រលប់​មក​វិញ​។ យ៉ាង​ណា​មិញ​តារា​ចម្រៀង​រូប​នេះ​មិន​បាន​សំរាក​ពី​ការងារ​សិល្បៈ​យូរ​ណាស់​ណា​នោះ​ទេ​ ព្រោះ​ ៧​ខែ​ក្រោយ​ បុរស​សង្ហា​​រូប​នេះ​បាន​ត្រលប់​មក​វិញ​ដោយ​បញ្ចេញ​បទ​ចម្រៀង​ «Ma Boo» ដែល​ជា​បទ​ចម្រៀង​ស្នេហា​បែប​យុវវ័យ​ មាន​លក្ខណៈ​បែប​កូរ៉េ​​​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ ហើយ​បន្ត​មក​ទៀត​លោក​ក៏​បាន​បញ្ចេញ​ Video ចម្រៀង​ថ្មី​ «ផ្កាយ» និងបទ​ «នឹក Miss You» សុទ្ធ​សឹង​ជា​បទ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​វ័យ​ក្មេង​នេះ​ ដោយ​បទ​ចម្រៀង​នីមួយ​ៗ​មាន​ចំនួន​ Views លើស​ពី​១លាន​ដង​ទាំង​អស់​។

ងាក​មក​សំណេរ​ថ្លែង​អំណរ​គុណ​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គមក្រោយ​បទ​ចម្រៀង​ «ខ្យល់​ត្រជាក់​» មាន​ចំនួន Views ច្រើន​លើសលប់​​​ ​ដោយ​ទង្វើ​នេះ​គឺ​​ចង់​​បង្ហាញ​ពី​ការ​អរគុណ​ដឹង​គុណ​ ចំពោះ​អ្នក​គាំទ្រ (Fan) ​ដែល​តែង​តែ​​ជួយ​ទស្សនា ​និង​ជួយ​ Stream ទើប​ធ្វើ​ឱ្យ​បទ​របស់​លោក​មាន​ចំនួន​ Views ច្រើន​រហូត​​រាប់​លាន​ តួ​យ៉ាង​ដូច​ជា​បទ​ខ្យល់​ត្រជាក់​ដែល​អាច​​រក​ចំនួន​ Views រហូត​ដល់​១០​លាន​ដង​​។

ឆ្លើយ​តប​ចំពោះ​ពាក្យ​អរគុណ​ដែល​តារា​សំណព្វ​ចិត្ត​អរគុណ​ខ្លួន​ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល​មក​អបអរសាទរ​ចំពោះ​លទ្ធផល​ដ៏​គាប់​ប្រសើរ​​នៅ​លើ​ឆាណែល​ Youtube របស់​តារា​ចម្រៀង​រូប​នេះ​ ដោយ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ថែម​ទាំង​និយាយ​ទៀត​ថា​ខ្លួន​បើក​បទ​ស្ដាប់​រាល់​ថ្ងៃ​រឿង​អី​មិន​អាច​ឡើង​ដល់​១០​លាន​ជា​ដើម​៕

Telegram-Troryorng
Share.