សៀមរាប ​៖ មនុស្សចំនួន៣នាក់បានស្លាប់ និង១នាក់ទៀតរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យ ឆេះក្លឹបកម្សាន្តក្រោមដី អេលីត Elite Club Party ដែល​ស្ថិត​នៅផ្សារអាសុីផ្លាហ្សា​ ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប​ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ ស្លាប់៣នាក់ មាន២នាក់ជាសន្តិសុខ ១នាក់ទៀតជាអ្នកចម្រៀង ចំណែកជនរងរបួសធ្ងន់ ១នាក់ ជាDJ ។

ក្នុងប្រតិបត្តិការគ្រោះអគ្គិភ័យខាងលើ កងកម្លាំង​ចម្រុះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត រថយន្តពន្លត់អគ្គិភ័យរបស់​អាជ្ញាធរ​ជាតិ​អប្សរា ​ចូលរួម​ជួយសង្គ្រោះ បាញ់​ទឹក​ពន្លត់​ភ្លើង ប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីចូលទៅយកជនរងគ្រោះកំពុងជាប់គាំងនៅក្នុងភ្លើងក្រោមដី រហូតដល់វេលាម៉ោង១១​យប់​ ទើបយកជនរងគ្រោះអស់ រកឃើញ អ្នកស្លាប់សរុបចំនួន៣នាក់ រងរបួសធ្ងន់១នាក់ ។

ចំពោះមូលហេតុឈានដល់កើតមានគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡើយ ថ្វីបើទោះជាមានការស្និដ្ឋានផ្សេងៗគ្នាយ៉ាងណាក្តី ។

Share.