ជនសង្ស័យដែលប្រើប្រាស់គណនីយហ្វេសបុកឈ្មោះ Hwe Kmn និងបាន Live ចែកលុយ ចែកមាសយ៉ាងច្រើនសន្ធឹកសន្ធាប់នោះត្រូវបានកម្លាំងស្នងការនគរបាលខេត្តស្ទឹងត្រែង សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ នាងឃាត់ខ្លួនបានហើយនៅថ្ងៃទី៣ខែធ្នូឆ្នាំ២០២១នេះ។

ប្រភពពីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ កុង សីលា នៅភូមិស្រែឬស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។

លោកអូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានលើកឡើងថា ប្រសិនជាបងប្អូនណា ត្រូវបានជនសង្ស័យខាងលើ ដែលមានហ្វេសប៊ុកឈ្មោះ Hwe Kmn បោកប្រាសនោះ សូមទាក់ទងមកទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឬទូរស័ព្ទមក ផ្ទាល់តាមរយៈលេខ 088 52 82 999 , 031 22 72 777៕

Share.