ក្រោយ​សាមី​ខ្លួន​ និង​អ្នក​គាំទ្រ​បាន​រង់ចាំ​យ៉ាង​អន្ទះសារ​ ទីបំផុត​ស្រីស្អាត​ទី​៣ កញ្ញា​ ភុំ សោភ័ណ្ឌ បេក្ខនារី​បវរកញ្ញា​ពិភពលោក​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទៅ​ ដល់​ប្រទេស​​ព័រ​តូរីកូ ដែល​ជា​ប្រទេស​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី​ប្រកួត​ Miss World 2021 ដោយ​សុវត្ថិភាព​ហើយ​​កាល​ពី​ព្រឹក​មិញ​នេះ​ (ម៉ោង​ក្នុង​ស្រុក​ខ្មែរ)។

ក្រោយ​ពី​ចុះ​នៅ​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ដើម្បី​ Transit កាល​ពី​ម៉ោង​ ៨​ព្រឹក​ ថ្ងៃ​ទី​៣ ធ្នូ ម្សិលមិញ​នេះ​ ឈាន​ចូល​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ​ ឆ្នាំ​២០២១ នេះ​ កញ្ញា​ ភុំ សោភ័ណ្ឌ បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា​ ជា​អ្នក​ទី៣​ហើយ​ ដែល​មាន​ភារកិច្ច​ចេញ​ទៅ​ ប្រកួត​ដើម្បី​​លើក​​មុខ​មាត់​ជាតិ​​នៅ​ លើ​វេទិកា​កម្រិត​អន្តរជាតិ​បាន​ទៅ​ ដល់​ប្រទេស​ម្ចាស់​ផ្ទះ​ដោយ​សុវត្ថិភាព​ហើយ​ នេះ​បើ​យោង​តាម​ការ​បង្ហោះ​រៀបរាប់​ពីផេ​ក​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​កញ្ញា​។​

អ្នក​គាំទ្រ​ សាធារណជន និង​មិត្តភក្ដិ​ជិត​ស្និទ្ធ​បាន​នាំ​គ្នា​ចូលមក​អបអរសាទរ​ និង​លើក​ទឹក​ចិត្ត​ចំពោះ​កញ្ញា​រូប​ស្រស់​ម្នាក់នេះ​គ្រប់​ៗ​គ្នា​ ក្រោយ​​​ពេល​បាន​ដឹង​ដំណឹង​ថា​កញ្ញា​បាន​ទៅ​ ដល់​ដោយ​សុវត្ថិភាព​។

កញ្ញា​​ ភុំ​ សោភ័ណ្ឌ​នឹង​លើក​យក​ឈុត​ យក្សរាមសូរ ជា​ឈុត​តំណាង​ជាតិ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ពិភពលោក​ ដែល​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២១ នៅ​ ប្រទេស​ព័រតូរីកូ។

គួរ​ដឹង​ថា​ ស្រីស្អាត​កម្ពុជា​ចំនួន​៣​រូប​ហើយ​ កំពុង​តែ​មមាញឹក​យ៉ាង​ខ្លាំង​ ដើម្បី​បញ្ចេញ​និង​បង្ហាញ​អស់​សមត្ថភាព​ទេពកោសល្យ​របស់​ខ្លួន​ យក​ទៅ បង្ហាញ​លើ​ឆាក​អន្តរជាតិ ដើម្បី​ឱ្យ​បរទេស​បាន​ស្គាល់​ពី​ភាព​ខ្លាំង​របស់​កូន​ខ្មែរ​ តាម​រយៈ​វេទិកា​ប្រកួត​ប្រជែង​សម្រស់​​ក្នុង​នោះ​មាន​ កញ្ញា​​ប៉ូគីមថេង សុតធីតា កំពុង​ប្រកួត​នៅ ប្រទេស​ថៃ​ Miss Grand International 2021 កញ្ញា ងិន ម៉ារ៉ាឌី កំពុង​ប្រកួត​នៅ​ ប្រទេស​អ៊ីស្រា អែល​ Miss Universe 2021​ និង​ចុង​ក្រោយ​កញ្ញា​ ភុំ​​ សោភ័ណ្ឌ ប្រកួត​ Miss World 2021 នៅ ប្រទេស​ ព័រតូរីកូ៕

Telegram-Troryorng
Share.