ស្រ្តីមេម៉ាយដើររើសអេតចាយម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅចិញ្ចើមផ្លូវចោលកូនប្រុសស្រី៧នាក់ឲ្យនៅកំព្រាឪពុម្ដាយបង្កការភ្ញាក់ផ្អើលទាំងព្រឹកពលឹម។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី០៦ខែធ្នូឆ្នាំ២០២១ ស្ថិតនៅលើចិញ្ចើមផ្លូវ២៧១មុខផ្ទះប្រជាពលរដ្ឋ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ ចាន់ វិទ្ធី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សព្វថ្ងៃមានកូនប្រុសស្រី៧នាក់ ក្នុងនោះមានកូនតូចអាយុ៦ឆ្នាំ។

តាមសម្ដីបងស្រីជនរងគ្រោះឈ្មោះ អិត ធាវីបានឲ្យដឹងថា នៅវេលាម៉ោង១០យប់ថ្ងៃទី៥ ខែធ្នូឆ្នាំ២០២១ប្អូនស្រីរបស់គាត់(សពជនរងគ្រោះ)ចេញទៅរើសអេតចាយដូចសព្វដង។ លុះព្រឹកឡើងស្រាប់តែមានគេតេទៅប្រាប់គាត់ថា ប្អូនស្រីរបស់គាត់ត្រូវគេប្រទះឃើញដេកស្លាប់នៅចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋ ក៏ប្រញាប់មកមើលនឹងរាយការណ៍ជូនសមត្ថកិច្ចចុះមកត្រួត     ពិនិត្យកន្លែងនិងហ៊ុំព័ទ្ធខ្សែកន្លែងកើតហេតុ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះ មានជំងឺប្រចាំកាយ បានលែងលះប្ដី៦ឆ្នាំហើយ មានកូនប្រុសស្រី៧នាក់កូនតូចជាងគេមានអាយុ៦ឆ្នាំ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើកោសល្យវិច័យសាកសពនិងបានបញ្ជាក់ថា សពជនរងគ្រោះខាងលើបានស្លាប់ដោយសារគាំងបេះដូងមិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះទេ។ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

អត្ថបទ៖សេង សាវី

Share.