ភ្នំពេញ ៖ បុរសម្នាក់ជាជាងជួសជុលរថយន្ត ក្រោយពីផឹកស្រវឹងជោគជាំ វង្វេងរកផ្លូវទៅផ្ទះវិញមិនឃើញ ត្រូវបានជនសង្ស័យធាក់ផ្តួល ប្លន់យកម៉ូតូម៉ាកស្កុបពីគេចទៅបាត់ដោយសុវត្តិភាព ជនរងគ្រោះរងរបួស បានត្រឹមបង្ហាញរូបម៉ូតូប្តឹងសមត្ថកិច្ច កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ហោ ប៊ុនលាភ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅយានដ្ឋាន ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ចំណែកម៉ូតូដែលជនសង្ស័យយកទៅបាត់ ជនរងគ្រោះបានត្រឹមបង្ហាញរូបក្នុងទូរស័ព្ទ ម៉ាកស្កុបពី ពណ៌ស ក្រហម សេរី២០២១ មិនចាំស្លាកលេខ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទើបចេញពីកន្លែងផឹកសុី ក្នុងសភាពស្រវឹងទោរទន់ វង្វេងជិះម៉ូតូរកផ្លូវទៅកន្លែងតានដ្ឋាននៅឯផ្លូវជាតិលេខ៣វិញមិនឃើញ ក៏ជិះតាមផ្លូវ៥៩៨ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យគ្នា២នាក់ ជិះម៉ូតូធុនធំមួយគ្រឿងតាមពីក្រោយ ធ្វើសកម្មភាពធាក់ផ្តួលម៉ូតូជនរងគ្រោះ បណ្តាលឲ្យរងរបួសហើយជនសង្ស័យចុះលើកយកម៉ូតូ ជិះគេចទៅបាត់ដោយសុវត្តិភាព ។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមបង្ហាញរូបម៉ូតូក្នុងទូរស័ព្ទ រួចកម្លាំងនគរបាលមូលដ្ឋានចុះទៅនាំជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ៕

Share.