មន្រ្តីជំនាញក្រសួងបរិស្ថាន និងមន្ដ្រីអង្គការសង្គមស៊ីវិល បានរួមគ្នាសង្គ្រោះបឹងទន្លេសាប​ដោយប្រមូល​សំរាម​ប្លាស្ទិក​​ បាន​យ៉ាងហោច​១០០តោន​ក្នុង១ឆ្នាំ ដែលជាផ្នែកសំខាន់​នៅក្នុងការ​កាត់បន្ថយ​ការ​បំពុល​បឹង​ទន្លេសាប។

ឯកឧត្តម នេត្រ ភក្ដ្រា​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ បាន​ចុះត្រួតពិនិត្យ «គម្រោង​ប្លាស្ទិក​ដូរយកអង្ករ» កាលពីថ្ងៃទី​០៩ ធ្នូ ម្សិលមិញនេះ បានឲ្យដឹងថា គម្រោងអង្ករដូរយកប្លាស្ទិកនេះ ជាគម្រោងដែលបានសហការគាំទ្រដោយក្រសួងបរិស្ថានជាមួយអង្គការមូលនិធិទំពាំងស្នងឬស្សី ដែលជាអង្គការមួយអនុវត្តគម្រោងក្នុងក្របខណ្ឌ នៃខេត្តសៀមរាបជាមួយនឹងសហគមន៍ដែលកំពុងរស់នៅក្នុងតំបន់បឹងទន្លេ សាប។

ឯកឧត្តមបានថ្លែងថា នៅតាមសហគមន៍នីមួយៗមានបង្កើតជង្រុកប្លាស្ទិកដើម្បីផ្ទុកប្លាស្ទិកដែលប្រមូលបានពីតំបន់នានាក្នុងសហគមន៍ ជាសំណល់ប្លាស្ទិកដោយសារប្រជាពលរដ្ឋក្នុងសហគមន៍បានប្រើប្រាស់ក៏ដូចជាការប្រមូលបានតាមតំបន់បឹងទន្លេសាបផងដែរ។ ឯកឧត្តមបន្ដថា គោលបំណងសំខាន់ក្នុងការបង្កើតជង្រុកបា្លស្ទិក ក៏ដូចជាការអនុវត្តនូវគម្រោងអង្ករដូរប្លាស្ទិកនេះក្នុងទិសដៅមួយ គឺកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឬក៏កាត់បន្ថយការបំពុលក្នុងបឹងទន្លេសាប ហើយនេះក៏ជាការចូលរួមជីវៈច ម្រុះក្នុងបឹងទន្លេសាជាពិសេស មច្ឆជាតិ និងជីវចម្រុះផ្សេងៗទៀត។

ឯកឧត្តម បានបានឲ្យដឹងទៀតថា ចំពោះសំណល់ប្លាស្ទិកដែលប្រមូលបានតាមរយៈគម្រោងប្លាស្ទិកដូរអង្ករនេះគឺមួយផ្នែកនឹងយកទៅផលិតឥដ្ឋសម្រាប់ក្រាល ទីធ្លាសាលារៀន និងសាងសង់សំណង់ផ្សេងៗ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវពលរដ្ឋកុំឱ្យដុតសំណល់ប្លាស្ទិកដោយគ្មានបច្ចេកទេសត្រឹម ត្រូវព្រោះថាការដុតសំណល់ប្លាស្ទិកវានឹងនាំឱ្យបំពុលបរិយាកាស ហើយប្រសិនបើបោះ ចូលក្នុងទឹក នឹងបំពុលទឹក និងធ្វើឱ្យប៉ះពាល់ សោភ័ណភាពរបស់បឹងទន្លេសាបដែលជា ផ្នែកមួយនៃគោលដៅទេសចរណ៍។

ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី លោក ស៊ា សុផល មានប្រសាសន៍ថា គម្រោងប្លាស្ទិកដូរយកអង្ករនឹងបន្តជំរុញ និងលើកទឹកចិត្តដល់ប្រជាសហគមន៍ ឱ្យចូលរួមសម្អាតសំណល់ប្លាស្ទិក និងធ្វើការទុកដាក់បែងចែកញែកសំរាមប្លាស្ទិកឱ្យបានត្រឹមត្រូវ ហាមមិនឱ្យដុត និងបោះចោលក្នុងទឹកទន្លេសាប។ លោក ស៊ា សុផល បញ្ជាក់ថា ឆ្នាំនេះ យុទ្ធនាការនឹងបំផុសស្មារតីក្នុងការលើកកម្ពស់ជីវភាពសហគមន៍ក្នុងបឹងទន្លេសាប ដើម្បីរៀបចំ និងត្រៀមខ្លួនសម្រាប់ការរៀបចំជាទេសចរណ៍សហគមន៍ផងដែរ ស្របពេលដែលកម្ពុជាប្រកាសពីការបើកប្រទេសឡើងវិញ ទទួលភ្ញៀវទេសចរវ៉ាក់សាំង។

អង្គការមូលនិធិទំពាំងស្នងឫស្សី បានផ្តួចផ្តើមយុទ្ធនាការប្រមូលសំរាមប្លាស្ទិកបឹងទន្លេសាបប្រចាំរដូវទឹកដំឡើង និងរដូវទឹកសម្រក តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយចលនាមហាជនតាមរយៈសហគមន៍នានាជុំវិញបឹងទន្លេសាប ដូចជាសហគមន៍កំពង់ឃ្លាំង មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លុក និងផ្នែកខាងក្រោមនៃស្ទឹងសៀមរាប ហើយគម្រោង​នេះក៏បានចូលរួម​ចំណែកសំខាន់​នៅក្នុងការ​កាត់បន្ថយ​ការបំពុល​បឹងទន្លេសាប​ ដោយ​ប្រមូលប្លាស្ទិក​ប្រមាណ​ជា ១០០តោន​ក្នុង១ឆ្នាំ ទាំងប្លាស្ទិកសើម និងស្ងួត។

តាមរយៈក្រុមយុវជនស្ម័គ្រចិត្តមេត្រីបរិស្ថាបឹងទន្លេសាប ឬហៅថា TONLE SAP ECO-WARRIORS បានចុះអប់រំសហគមន៍ឱ្យចេះវេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវ ហើយឈានដល់ការបង្កើតជង្រុកប្លាស្ទិកជាផ្លូវការនៅសហគមន៍មេជ្រៃនៅក្នុងឆ្នាំ២០២០ ក្នុងទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ដើម្បីគាំទ្រដល់ គម្រោងប្លាស្ទិកប្ដូរយកអង្ករ ដោយមានការគាំទ្រដោយក្រសួងបរិស្ថាន ដែលគម្រោងនេះទទួលបានជោគជ័យដ៏ត្រចេះត្រចង់។ ជាមួយគ្នា គម្រោងសម្អាតប្លាស្ទិកពីបឹងទន្លេសាបនេះ ក៏នឹងចូលរួមទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតផងដើម្បីបង្កើតការងារ និងផ្តល់ចំណូលដល់ពលរដ្ឋតាមរយៈទស្សនាពីជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋលើផ្ទៃទន្លេសាប។

រូបថត៖ ឆែម ចាន់ធឿន

Share.