ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យប្រសិទ្ធភាពនៃការប្រើគ្រឿងចក្រ Stabilizer ដែលកំពុងសាងសង់កំណាត់ផ្លូវជាតិលេខ២១B ប្រមាណ៣គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ផ្លូវមួយខ្សែខាងលើនេះ គ្រោងនឹងចំណាយរយៈពេលមួយខែ ដោយប្រើប្រាស់គ្រឿងចក្រ Stabilizer ដែលជាបច្ចេកវិទ្យាទំនើបផលិតនៅប្រទេសជប៉ុន ព្រមទាំងមានជំនួយបច្ចេកទេសពីអ្នកជំនាញការជប៉ុនផងដែរ ដែលអាចជួយឱ្យផ្លូវកាន់តែមានភាពរឹងមាំ និងប្រើប្រាស់បានយូរ ស្របបរិបទនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន។

នៅក្នុងការចុះត្រួតពិនិត្យការសាងសង់ផ្លូវខាងលើនេះដែរ​ក៏មានការចូលរួមពីសំណាក់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មន្ទីរសាធារណការ និងដឹកជញ្ចូន ខេត្តកណ្តាល ក្រុមហ៊ុនសាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង៕

Share.