ឯកឧត្តម ថោង ខុន ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ត្រួត​ពិនិត្យ​បច្ចេកទេស​កសាង​ពហុ​កីឡដ្ឋាន​ជាតិមរតក​តេជោ បាន​លើក​ឡើង​ក្នុង​របាយការណ៍​ថា​ពហុ​កីឡដ្ឋាន​នេះ​​​មាន​កៅអី​​ផ្ទុក​អ្នក​ចូល​ទស្សនា​៦ម៉ឺន​នាក់ ព្រម​ទាំង​​អាច​ជម្លៀស​មនុស្ស​ចេញ​ត្រឹម​៧នាទី​ប៉ុណ្ណោះ ករណី​មាន​ហេតុការណ៍​ណាមួយ​កើត​ឡើង។​

ការ​លើក​ឡើង​នេះ​ក្នុង​កម្មវិធី​សម្តែង​ទស្សនីយភាព​សិល្បៈ​កម្មវិធី​បើក​សម្ពោធ​វិមាន​កីឡដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេជោ​និង​ពិធី​រាប់​ថយក្រោយ​៥០០ថ្ងៃ ឆ្ពោះ​ទៅ​កាន់​ព្រឹត្តិការណ៍​ប្រកួត​កីឡា Sea Games Asean Para Games ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ។

ឯកឧត្តម​បន្ត​ថា​កីឡដ្ឋាន​នេះ​កសាង​ជា​ជំនួយ​របស់​ដោយ​ប្រើប្រាស់​ប្រមាណ​១.១ ប៊ីលានយ័ន ឬ​ប្រមាណជាង​ ១៥០​លាន​ដុល្លារ​អាមេរិក ដោយ​បើក​ការដ្ឋាន​សាងសង់​នៅ​​ថ្ងៃ​ទី ៤ ខែ​មេសា ឆ្នាំ ២០១៧ លើ​ផ្ទៃ​ដី​១៩,៤ ហិចតា និង​មាន​សំណង​កីឡដ្ឋាន​ប្រមាណ​៨៦ពាន់​ម៉ែត្រការ៉េ ដោយ​ប្រើប្រាស់​កម្មករ​ ២៧០ ជា​ជនជាតិ​ចិន និង​៥៥០ នាក់​​ជា​ជនជាតិ​ខ្មែរ ហើយ​ការ​សាងសង់​ប្រើរយៈពេល​ប្រមាណ​ ៤៨ខែ ពោល​គឺ​បិទ​បញ្ចប់​នៅ​​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១។

នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ ក៏​មាន​ហាង​លក់​ទំនិញ និង​សណ្ឋាគារ​ផ្កាយ៥​ចំនួន ៣៤បន្ទប់​សម្រាប់​ចូល​ទស្សនា​ការ​ប្រកួត​កីឡា​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មករតតេជោ ផង​ដែរ។

ហេតុផល​ដែល​កីឡដ្ឋាន​នេះ​អាច​ជម្លៀស​មនុស្ស​ត្រឹម​៧ នាទី ប្រសិន​បើ​មាន​ហេតុការណ៍​អាក្រក់​ណាមួយ​កើត​ឡើង គឺ​ដោយ​សារ​មាន​ច្រកទ្វា​​រហូត​ដល់​៥៤​ច្រក​ឯណោះ ខណៈ​បន្ទប់​ទឹក​មាន​ចំនួន​ ៩៣ តំបន់ សរុប​៨៦៣ បង្គន់។

ជាមួយ​គ្នា​នេះ​ដែរ​​ក៏​មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ​ដើម្បី​ថែរក្សា​​កីឡដ្ឋាន​នេះ​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស ដោយ​មាន​បង្កើត​ជា​គណៈកម្មការ​រួម​ដែល​បែងចែក​ជា​ការ​គ្រប់គ្រង​​ រដ្ឋបាល សន្តិសុខ​សណ្ដាប់ធ្នាប់ អនាម័យ គ្រប់គ្រង​កម្មវិធីកីឡា ទឹកភ្លើង និង​អាហារូបត្ថម្ភ​កីឡា ជាដើម​ផង​ដែរ៕

Telegram-Troryorng
Share.