ជនសង្ស័យចំនួន២នាក់ ប្រុស១នាក់ ស្រី១នាក់ ត្រូវបាននគរបាលបញ្ជូននាំខ្លួនទៅ កាន់តុលាការ ដើម្បីសាកសួរបន្តតាមនីតិវិធីនៅព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០២១នេះ។

ជនសង្ស័យទាំងពីរត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលា ម៉ោង១០យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិវាលថ្លាន់ សង្កាត់ កងណយ ខណ្ឌដង្កោ រួមជាមួយរថយន្ត ឡិចស៊ីGS300 ពណ៌ស គ្មានស្លាកលេខមួយគ្រឿង ក្នុងប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបង្ក្រាប ជនសង្ស័យប្រដាប់អាវុធ គំរាម យកទ្រព្យសម្បត្តិ នៅផ្ទះឧកញ៉ា អ៊ាន សៀវម៉ី រួចនាំទៅ សាកសួរនៅផ្នែកជំនាញខណ្ឌពោធិសែនជ័យ រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នេះ។

ជនសង្ស័យ ទី១ ឈ្មោះ កេត ម៉ាច ភេទប្រុស អាយុ២៦ឆ្នាំ ជាសមាជិកគណបក្សខ្មែរក្រោក និងជាគណនេយ្យរបស់គណៈបក្ស ស្នាក់នៅជាមួយលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង មានទី លំនៅ ភូមិប្រមូលផ្តុំ ឃុំត្រាច ស្រុកជ័យសែន ខេត្តព្រះវិហារ ។ ទី២ ឈ្មោះ ថុន វឌ្ឍនៈបូរ៉ាម៉ី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ ទិញលក់រថយន្ត និងជាអ្នកចងការប្រាក់ឲ្យមេបក្ស ខ្មែរក្រោក មានទីលំនៅ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ ត្រូវបានបានកម្លាំងនគរបាលចាប់ខ្លួនបាន ខណៈដែលកម្លាំង អាវុធហត្ថបង្ក្រាបចាប់ខ្លួនបាន១២នាក់ ប្រុស៩នាក់ ស្រី៣នាក់ ក្រោយពីសមត្ថកិច្ចបង្ក្រាប ចាប់ខ្លួនក្រុមប្រើប្រាស់អាវុធ ភ្ជង់គំរាម យកទ្រព្យសម្បត្តិនៅផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ កេត ម៉ាច បានសារភាពថា ក្រោយមេបក្សដឹកនាំ ធ្វើសកម្មភាពរួច បានឲ្យខ្លួនបើករថយន្តចេញពីផ្ទះបុរីប៉េង ហួត ផ្លូវ៦០ម៉ែត្រ ទៅប្លុងចោល ដើម្បីបំបាត់ដាន ។ ចំណែកជនសង្ស័យឈ្មោះ ថុន វឌ្ឍនៈបូរ៉ាម៉ី សារភាពថា មេបក្សខ្មែរក្រោកនៅជំពាក់លុយជាង៣ម៉ឺនដុល្លារ ហើយនៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានលោកមេបក្ស វីល្លាម ហៅឲ្យទៅយកគ្រឿងអលង្ការ ដើម្បីកាត់លុយរំលោះថ្លៃជំពាក់ យកបានគ្រឿងអលង្ការ២កញ្ចប់ហើយ ត្រូវបានមេបក្សពឹងឲ្យជួយយករថយន្តGS300 ពណ៌ស រួមជាមួយជនសង្ស័យ កេត ម៉ាច បើកចេញទៅ ត្រូវបានកម្លាំងសមត្ថកិច្ចប្រដេញ តាមទើប បើករត់យកទៅចោលនៅចំណុចភូមិវាលថ្លាន់ សង្កាត់កងណយ នាំគ្នាចុះរត់គេច ហើយក៏បានជ្រុះកញ្ចប់ច្រកគ្រឿងអលង្ការនោះបាត់ទៅ ។

តាមនគរបាលបានឲ្យដឹងដែរថា ផ្នែកជំនាញ រកឃើញថា ជនសង្ស័យទាំង២នាក់ ជាប់ ពាក់ព័ន្ធបទសមគំនិត អំពើគំរាម យកទ្រព្យសម្បត្តិ ដោយប្រើប្រាស់អាវុធ របស់ក្រុម មេបក្ស វីល្លាម ហើយនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ ត្រូវបានបញ្ជូននាំខ្លួនទៅកាន់ តុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.