យ៉ង់ហ្គូន៖ Paing Takhon តារា​សម្ដែង តារា​ចម្រៀង និង​ជា​តារា​ម៉ូ​ដែល​ភូមា មាន​ទោស​ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន​៣​ឆ្នាំ​ នេះ​បើ​តាម​ការ​ឱ្យដឹង​ពី​ក្រុម​ការពារ​ផ្នែក​ច្បាប់​របស់​តារា​រូប​នេះ​បាន​ចេញ​មក​ទម្លាយ​នៅ​ថ្ងៃ​ចន្ទ​ទី ២៧ ខែ​​ធ្នូ ឆ្នាំ​២០២១ ម្សិលមិញ​​នេះ​។

តារា​សម្ដែង​វ័យ​២៥​ឆ្នាំ ​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ទាំង​ក្នុង​ប្រទេស​ភូមា ថៃ​ និង​កម្ពុជា​ បាន​ចូល​រួម​សកម្មភាព​ប្រឆាំង​យ៉ាង​សកម្ម​បំផុត​ក្រោយ​របប​យោធា​បាន​ផ្ដួល​រំលំនិង​ធ្វើ​រដ្ឋប្រហារ​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​នេះ​លើ​បណ្ដាញ​សង្គម​ (Social Media)។

លោក​ត្រូវ​ចាប់​ខ្លួន​នៅ​ផ្ទះ​ម្ដាយ​លោក​ឯ​ស្រុក​កំណើត​ក្នុង​ក្រុង​ យ៉ង់ហ្គូន​ កាល​ពី​ខែ​មេសា​ នៅ​ក្នុង​យុទ្ធនាការ​ដែល​ក្រុម​យោធា​ភូមា​តាម​ប្រម៉ាញ់​តារា​ជាង​១០០​នាក់​ ដែល​គាំទ្រ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធាភូមា នេះ​បើ​តាម​ការ​ប្រាប់​ពី​ប្អូន​ស្រី​របស់​លោក។

សូមចុច​អាន រញ្ជួយ​បណ្ដាញ​សង្គម​​! ក្រោយ​ផ្ទុះ​ដំណឹង​ដ៏​សោក​សៅ​របស់​ប្រុស​ស្អាត​មីយ៉ាន់ម៉ា​ Paing Takhon

កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣​ឆ្នាំ​ និង​រង​ទារុណកម្ម​ដោយ​​ប្រើ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ នេះ​ដោយយោង​តាម​ការ​បញ្ជាក់​ពី​អ្នក​ប្រឹក្សា​ផ្នែកច្បាប់​របស់​លោក​ Khin Maung Myint ប្រាប់​មក​សារព័ត៌មាន AFP។ លោក​បន្ត​ទៀត​ថា​ពេល​នេះ​ក្រុម​គ្រួសារ​របស់​តារា​រូប​នេះ​កំពុង​តែ​កើត​ទុក្ខ​យ៉ាង​ខ្លាំង ចំពោះ​​រឿង​ដែល​លោក​ត្រូវ​​ជាប់​ពន្ធ​នាគារ​ និង​កំពុង​ពិចារណាតើ​គួរ​​ប្ដឹង​ឧទ្ធរឬ​ក៏​អត់?

កាល​ពី​ខែ​កុម្ភៈ Paing Takhon ដែល​ជា​បុគ្គល​ល្បី​និង​មាន​មនុស្ស​ជាង​ ១លាន​នាក់​ Follow លោក​នៅ​លើ​ Facebook និង​ Instagram បាន​បង្ហោះ​រូប​ខ្លួន​ព្រម​ជាមួយ​នឹង​សំណេរ​ថា «ជួយ​ពួក​ខ្ញុំ​បញ្ឈប់​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​សិទ្ធិ​មនុស្ស​»។

Paing Takhon មាន​កេរ្តិ៍​ឈ្មោះ​​ល្បីទាំង​​នៅ ​ថៃ ​និង​កម្ពុជា​ ​ដោយ​លោក​ថែម​ទាំង​បាន​ថត​ស្ពត​ពាណិជ្ជកម្ម​ ភាពយន្ត និង​កម្មវិធី​ផ្សេង​ៗ​ជា​ច្រើន​ផង​ដែរ​។

បន្ទាប់​ពី​មាន​រដ្ឋប្រហារ​ដោយ​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា រដ្ឋបាល​យោធា​ប្រទេស​នេះ​បាន​ចេញ​សេចក្ដី​ប្រកាស​បញ្ជី​ឈ្មោះ​តាម​ចាប់​ខ្លួន​តារា​ប្រមាណ​១២០​នាក់​ ខណៈ​​ដែល​តារា​រាប់​សិប​នាក់​កំពុង​ស្ថិត​ក្នុង​ការរត់​គេច​ខ្លួន។

Telegram-Troryorng
Share.