ពោធិ៍សាត់៖ ទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ី បណ្តាលឲ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម ហើយជនបង្ករត់គេចខ្លួនត្រូវបានសមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួនបាន បញ្ជូនមកសមត្ថកិច្ចខេត្តពោធិ៍សាត់ទទួលយកនៅព្រឹកថ្ងៃទី 28 ខែធ្នូ ឆ្នាំ2021 នេះ។

លោក នាង វុធ អធិការនគរបាលស្រុកបាកានប្រាប់ឲ្យដឹងថា ជនដៃដល់មានឈ្មោះញ៉ម អាន ភេទប្រុសអាយុ 37 ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ វុាំង សុខហេង អាយុ 28 ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងភូមិទូលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ និងជនបង្កបានផឹកស៊ីនៅផ្ទះរបស់ឈ្មោះ យ៉ែម ស​​​​រុំ ភេទប្រុសអាយុ 39 ឆ្នាំ ក្នុងភូមិកើ តហេតុខាងលើ ពេលកំពុងផឹកស៊ីសប្បាយសុខៗស្រាប់តែជនរងគ្រោះនិយាយបង្អាប់ទៅលើជនដៃដល់ថា បានប្រពន្ធយូរហើយមិនមានកូននឹងគេពិតជាអត់កំណើតមែន ទើបធ្វើឲ្យជនដៃដល់ខឹងទាស់ពាក្យសម្ដីប្រតាយប្រតប់គ្នា ហើយអ្នកផឹកស៊ីជាមួយក៏បានបំបែកចេញពីគ្នា ទាញម៉ូតូជិះទៅផ្ទះរៀងៗខ្លួន បន្ទាប់មកស្រាប់តែជនដៃដល់ជិះត្រឡប់មកវិញជាមួយនិងកាំបិតតាមកាប់ម៉ូតូជនរងគ្រោះ រួចកាប់ពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ត្រង់ចំណុចមុខវត្តទួលរគាំង ក្បែរកន្លែងផឹកស៊ីតែម្តង។

លោកអធិការបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ ជនដៃដល់បានរត់គេចខ្លួនរហូតដល់ខេត្តសៀមរាប ទើបត្រូវបានសមត្ថកិច្ចសមត្ថកិច្ចចាប់ខ្លួន ហើយលោកបានដឹកនាំកម្លាំងទៅទទួលយកនៅព្រឹកថ្ងៃទី 28 ខែធ្នូឆ្នាំ 2021 នេះដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Share.