ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជេម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា ជនដៃដល់ចាក់សម្លាប់ស្ត្រីជនជាតិចិនកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២៣និង២៥នាទី ត្រង់ចំណុចរោងចក្រហ្គោលដិនហ្គ្រេស ផ្លូវបេតុង ស្ថិតនៅភូមិអន្លង់គងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ប៉ុន្ដែថ្ងៃក្រោយ សមត្ថកិច្ចចាប់បានជនសង្ស័យ។

ជនរងគ្រោះឈ្មោះ ឌៀង លី (Ding Li) ភេទស្រី អាយ៣៧ឆ្នាំ ជនជាតិចិន មុខរបរប្រធានរោងចក្រ ហ្គោលដិនហ្គ្រេស ស្នាក់នៅក្នុងរោងចក្រ ហ្គោលដិនហ្គ្រេស ស្ថិតនៅភូមិអន្លងគង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខEF9567276។

ជនសង្ស័យឈ្មោះ សាវ វិន (Xiao Wen) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរប្រធានផ្នែកដេរ ស្នាក់នៅក្នុងរោងចក្រហ្គោលដិនហ្គ្រេស ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខ EO1271955។

វត្ថុតាងចាប់យក មានកូនកាំបិតច្នៃចំនួន០១។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២០និង៥១នាទី ជនរងគ្រោះឈ្មោះ ឌៀង លី (Ding Li) ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិចិន កំពុងតែនៅក្នុងបន្ទប់ រោងចក្រហ្គោលដិនហ្គ្រេស ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យឈ្មោះ សាវ វិន (Xiao Wen) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន បានត្រឡប់ពីផឹកស៊ីខាងក្រៅ មកដល់រោងចក្រខាងលើ ក៏បានឈ្លោះប្រកែកគ្នាខ្លាំងៗជាមួយជនរងគ្រោះ ប៉ុន្តែត្រូវបានឈ្មោះ សេម យី ភេទប្រុសអាយុ៦៧ឆ្នាំ ជានាយករោងចក្រ និងអ្នកនៅបន្ទប់ក្បែរគ្នាបានចេញមកឃាត់បំបែកចូលបន្ទប់រៀងៗខ្លួន។ រហូតដល់វេលាម៉ោង២៣និង២៥នាទី ជនសង្ស័យបាននិយាយថា ជនរងគ្រោះបានជំពាក់លុយរូបគេ (ជនសង្ស័យ) ហើយជនរងគ្រោះ ក៏បានឆ្លើយតបវិញថា អញមិនបានជំពាក់លុយឯងទេ ធ្វើអោយជនសង្ស័យខឹង ក៏បានកាន់កូនកាំបិតច្នៃស្ទុះចេញពីក្នុងបន្ទប់របស់គេ(ជនសង្ស័យ) ទៅចាក់ជនរងគ្រោះ ដែលកំពុងឈរនៅមុខបន្ទប់ ពីក្រោយខ្នងមួយកាំបិតជាប់កូនកាំបិតនៅខ្នង ត្រង់បោះដៃផុតបណ្តាលអោយជនរងគ្រោះដួលផ្កាប់មុខទៅលើបេតុង ហើយជនសង្ស័យក៏បានរត់គេចខ្លួនបាត់។ 

ចំពោះជនរងគ្រោះត្រូវបាននាយករោងចក្រ និងអ្នកធ្វើការជាមួយ បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ រហូតដល់វេលាម៉ោង១២និង២៥នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ជនរងគ្រោះក៏បានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង។ ហើយឈ្មោះ ហែម ផល្លីភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ តំណាងអោយជនរងគ្រោះ ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ។  បន្ទាប់មកសមត្ថកិច្ចក៏បានរាយការណ៍ទៅការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យតុលាការ អោយមកធ្វើកោសល្យវិច័យ ។ 

ក្រោយពីធ្វើកោសល្យវិច័យរួច លោកឧកញ៉ាវេជ្ជបណ្តិត នង សុវណ្ណរ័ត្ន បានសន្និដ្ឋានថា ជនរងគ្រោះ(សព) ពិតជាស្លាប់ដោយសារការចាក់សម្លាប់ប្រាកដមែន បច្ចុប្បន្នជនរងគ្រោះ(សព) បានតម្កល់នៅវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រងចសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ 

លុះដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី សមត្ថកិច្ចសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការរដ្ឋាននគរបាលខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវឃាត់បានជនសង្ស័យខាងលើ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវជាតិលេខ១៣ ស្ថិតនៅភូមិត្រពាំងស្មាច់ ឃុំអណ្តូងត្របែក ស្រុករមាសហែកខេត្តស្វាយរៀង យកមកធ្វើការសាកសួរអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធី៕

Share.