១២ឆ្នាំមកនេះ តារាចម្រៀងស្រី មាស សុខសោភា បានលាក់រឿងមានគ្រួសារយ៉ាងជិតឈឹង គ្មានហ្វេនអ្នកគាំទ្រម្នាក់ណាដឹងថា អ្នកនាងបានរៀបការហើយនោះទេ ដឹងត្រឹមតែថា អ្នកនាងមានគូស្នេហ៍ជាអណិកជនខ្មែរ កាណាដា តែប៉ុណ្ណោះ។ អ្នកនាង មាស សុខសោភា ត្រូវបានមិត្តភ័ក្ដរួមទ្រនំផលិតកម្ម CB ទម្លាយរូបរៀបការ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៩។

យ៉ាងណាមិញ កន្លង១២ឆ្នាំមកនេះ អ្នកនាង មាស សុខសោភា មិនត្រឹមតែមានគ្រួសារហើយនោះទេ អ្នកនាងក៏មានកូនប្រុសម្នាក់មានរូបសង្ហាមិនចាញ់ឪពុកប៉ុន្មានដែរ។ តាមការទម្លាយរូបភាពជាច្រើននៅបណ្ដាញសង្គមហ្វេសប៊ុកបានឱ្យឃើញថា ក្មេងប្រុសអង្គុយជិតអ្នកនាង មាស សុខសោភា ជាកូនប្រុសអ្នកនាង ដែលជាក្មេងប្រុសទើបតែធំរូបធំរាងពេញកំឡោះ ទម្រង់មុខរបស់កូនអ្នកនាង គឺមានស្រដៀងទៅនឹងឪពុកច្រើនជាង។ យ៉ាងណាមិញ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយពីឈ្មោះពិតរបស់កូនប្រុសអ្នកនាងទេ។ រហូតមកទល់ពេលនេះ អ្នកនាង មាស សុខសោភា បានបដិសេធសុំការបំភ្លឺពីសារព័ត៌មានត្រយង ដោយប្រាប់ថា អ្នកនាងជាប់រវល់ការងារ។

បើតាមអ្នកសារព័ត៌មានត្រយដឹង អ្នកនាង មាស សុខសោភា បានមានចំណងស្នេហ៍ជាមួយស្វាមីលោក អ៊ិត រ៉ាដា តាំងពីឆ្នាំ ២០០៧ មកម្លេះ ហើយអ្នកទាំងពីរធ្លាប់ដឹកដៃគ្នារៀបការនៅក្នុងព្រះវិហារបែបគ្រិស្ដនៅកាណាដា ដោយការបំពាក់ចិញ្ជៀនឱ្យគ្នាទៀតផង។ រហូតមកទល់ពេលនេះ អ្នកនាង មាស សុខសោភា អាចនឹងមានសញ្ជាតិកាណាដាមួយទៀត ដែលអ្នកនាងងាយស្រួលក្នុងការឡើងចុះប្រទេសនោះ។

Telegram-Troryorng
Share.