ភ្នំពេញ ៖ បុរសម្នាក់ដែលគេធ្លាប់ស្គាល់ ជាតៃកុងឡានកុងតឺន័របន្ទាប់ពីចូលរួមផឹកស៊ីសប្បាយ យប់ថ្ងៃឆ្លងឆ្នាំ ដាក់ជ្រុលបែជាស្រវឹងវង្វេងបាត់បង់ម្ចាស់ការ ដើរដេកតាមផ្លូវ យកស្មៅ ធ្វើជាពូក លង់លក់ឥតខ្វល់ ត្រូវបានពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង១២និង២០នាទី រសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

បុរសរូបនេះមានអាយុជាង២០ឆ្នាំ ត្រូវបានគេធ្លាប់ស្គាល់ ជាអ្នកបើកបររថយន្តកុងតឺន័រ នៅក្បែរចំណុចខាងលើដែរ មានទីលំនៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បើតាមបុរសខាងលើបានឲ្យដឹងថា នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខ្លួនបានសប្បាយដាក់ជ្រុលរកផ្លូវទៅកន្លែងឡានអត់ឃើញ មានតែរក កន្លែងគួរសមសិន ។

តែបើតាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មិនដឹងថាបុរសរូបនេះ ដើរមក ពីផឹកឯណានោះទេ សួរគេឯង ផ្លូវណាទៅឡានខ្ញុំ ទីបំផុតប្រាសខ្លួនដេក លើស្មៅចិញ្ចើមផ្លូវ ។

ដោយខ្លាចជួបបញ្ហា ឬគ្រោះថ្នាក់ផ្សេងៗ បុរសជាអ្នកបើកបររថយន្តរូបនេះ ត្រូវបានពលរដ្ឋ ដាស់ឲ្យងើប ឲ្យទឹកហូបឆាប់ស្វាង ដើម្បីបន្តដំណើរទៅរកកន្លែងឡាន ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.