ភ្នំពេញ ៖ បុរស-នារីចំនួន៣នាក់ នាំគ្នាដើរលេងផឹកសុីស្រវឹងជ្រុលរហូតដល់ថ្នាក់មិនស្គាល់បន្ទប់ខ្លួនឯង បែជាទៅគាស់វាយសោចូលទៅសម្ងំដេកបន្ទប់អ្នកក្បែរខាង ម្ចាស់ទៅទាន់ប្តឹងសមត្ថកិច្ចឃាត់ប្រមូលហៅយកទៅអប់រំ រួមទាំងអ្នកចូលរួមគាស់ម្នាក់ទៀតផង ទាំងព្រឹកព្រលឹម ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅបន្ទប់ផ្ទះជួលក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

មនុស្សទាំង៣នាក់ ទី១ ឈ្មោះ វ៉ាន់ សារ៉េត ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរបន្ទប់កើតហេតុ មានស្រុកកំណើតភូមិខ្សាច់ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង (ទើបទៅជួលបន្ទប់ស្នាក់នៅបាន៥ថ្ងៃ) ។ ទី២ ឈ្មោះ ពេញ ឧសភា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់និរោធ ចណ្ឌច្បារអំពៅ មានស្រុកកំណើត ភូមិក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ។ ទី៣ ឈ្មោះ ឈាង មករា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ មានស្រុកកំណើត ភូមិព្រៃមាន់ ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ។ ដោយឡែកបុរសម្នាក់ទៀតសមត្ថកិច្ចឃាត់ខ្លួនដែរនោះ ឈ្មោះ សួន ថាត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ មានស្រុកកំណើត ភូមិក្រសាំង ឃុំចំបុី ស្រុកអង្គរជ័យ ខេត្តកំពត ។

ចំណែកឯម្ចាស់បន្ទប់ ឈ្មោះអ៊ុក ស្រីខួច ភេទស្រី អាយុ៤២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុ មានស្រុកកំណើត ស្រុកគិរីវង់ ខេត្តតាកែវ ។

តាមសម្តីស្ត្រីម្ចាស់បន្ទប់បានឲ្យដឹងថា មុនកើតហេតុ នៅយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ គាត់មិនបានដេកសម្រាកនៅបន្ទប់ទេ ដោយទៅសម្រាកនៅបន្ទប់បងប្អូនក្បែរនោះ ស្រាប់តែនៅវេលាម៉ោង៦ព្រឹកថ្ងៃទី០២ ខែមករា នេះងើបដើរទៅបន្ទប់ខ្លួនឯងស្រាប់តែឃើញសោទ្វាររបើក រុញមើលក៏ឃើញមនុស្សប្រុសស្រី៣នាក់ កំពុងសង្ងំដេកធ្វើមិនដឹង ទើបឆោឡោ ប្តឹងសមត្ថកិច្ចចុះទៅឃាត់ និងឃាត់បុរសម្នាក់ទៀតកំពុងនៅក្រៅបន្ទប់ផង នាំយកទៅសាកសួរនៅប៉ុស្តិ៍ ។

តាមសម្តីនារីឈ្មោះ វ៉ាន់ សារ៉េត បានឲ្យដឹងថា ខ្លួនបានស្គាល់គ្នាជាមួយបុរស២នាក់ខាងលើ ហើយនាំគ្នាជួលម៉ូតូកង់បីជិះដើរលេង ក្នុងតម្លៃ៩មុឺនរៀល រហូតដល់វេលាម៉ោង១២រំលងអធ្រាត្រចូលថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វិលមកបន្ទប់ជួលវិញ ឃើញជាប់សោ ម្យ៉ាងងងុយដេក ម្យ៉ាងស្រវឹងផង នាំគ្នាគាស់សោបើកទ្វារចូលដេក ស្មានតែបន្ទប់ខ្លួនឯង តាមពិតបន្ទប់អ្នកក្បែរខាង ។

បើតាមសម្តីបុរសឈ្មោះ សួន ថាត ជាអ្នករត់ម៉ូតូកង់បីវិញ បានឲ្យដឹងថា ក្រោយពីមនុស្សទាំង៣នាក់ជួលកង់បីដឹកដើរលេងពេញមួយយប់ វិលមកវិញមិនបានលុយ ដោយអ្នកទាំង៣ប្រាប់ថាលុយនៅក្នុងបន្ទប់ ឥឡូវជាប់សោហើយ ឃើញគាស់យូរពេក ម្យ៉ាងឆាប់បានលុយពីអ្នកទាំងនោះផង ក៏បានចូលទៅជួយគាស់ បានហើយអ្នកទាំង៣ចូលទៅដេកធ្វើមិនដឹង អង្គុយចាំយកលុយ រហូតដល់ព្រឹកឡើង ម្ចាស់បន្ទប់ពិតប្រាកដមកដល់ឆោឡោ ប្តឹងប៉ូលិសឃាត់ខ្លួនទាំងអស់គ្នា ។

ករណីខាងលើ ដោយសារការភ័ណ្ឌច្រឡំ កើតទៅជារឿងបែបនេះ សម្ភារៈក្នុងបន្ទប់ពុំមានបាត់បង់អ្វីឡើយ ម្ចាស់បន្ទប់សុំមិនប្តឹងផ្តល់អ្វីឡើយ សុំឲ្យសមត្ថកិច្ចធ្វើការអប់រំមនុស្សទាំង៤នាក់ និងសុំឲ្យជួយចេញសងថ្លៃសោទ្វារគាត់វិញ ដើម្បីបន្ទប់រឿង ៕

Share.