បុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ 265 ក្នុងទិសដៅ ពីកើតទៅលិច។ លុះមកដល់ក្រោយ ពេទ្យលោកសង្ឃ ស្រាប់តែមិនដឹងមានរឿងអ្វីក៏អាវុធ ខ្លីមួយដើមមិនស្គាល់ម៉ាកបាញ់ឡើងលើ គំរាមមេឃចំនួន 3 គ្រាប់ បង្កការភ្ញាក់ផ្អើល ដល់ សមត្ថកិច្ចក៏ដូចជាក្រុមអ្នកសារព័ត៌មានទាំងកណ្តាលរាត្រីរួចជិះម៉ូតូចេញទៅបាត់ស្រមោល។

ករណីបុរសម្នាក់ប្រើប្រាស់អាវុធបាញ់បង្អើលមេឃនេះមិនបង្កឲ្យមានអ្នករងរបួសស្នាមនោះទេ។

ករណីនេះកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី 3 ខែមករា ឆ្នាំ 2022 ក្នុងសង្កាត់ ទឹកល្អក់ទី 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុស្វែងរកសំបកគ្រាប់បានចំនួន 3 គ្រាប់ដែលជន សង្ស័យបាញ់ឡើងលើ។

ចំពោះជនសង្ស័យដែលប្រើអាវុធបាញ់យ៉ាងអនាធិបតេយ្យនេះ សមត្ថកិច្ចនឹងឆែកកាមេរ៉ា សុវត្ថិភាព ដែលនៅក្បែរនោះដើម្បីកំណត់អត្តសញ្ញាណចាប់ជនសង្ស័យយកមកផ្ដន្ទាទោស តាមផ្លូវច្បាប់៕

អត្ថបទ៖ សុខលី

Share.