គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ត្រូវបានភាគីកូរ៉េខាងត្បូងដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើការ កំណត់ទីតាំង និងទ្រង់ទ្រាយរបស់ស្ពានហើយ។

បើតាមសម្តេចតេជោ ហ៊ុន សែន រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចជួយសាងសង់ស្ពាន មួយខ្សែឆ្លងកាត់ទន្លេតភ្ជាប់ភ្នំពេញ ទៅកាន់អរិយក្សត្រ។

ការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជានេះបានធ្វើឡើងនាឱកាសសម្តេច  ចូលរួម ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង។

លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានថ្លែងថា ការសម្រេច សាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ធ្វើឡើងឆ្លើយតបនឹងសំណើជាចំហររបស់សម្តេច តេជោ ហ៊ុន សែន ក្នុងក្នុងពិធីបើកការដ្ឋានជួសជុលកែលម្អផ្លូវជាតិលេខ២ និងលេខ២២ កាលពីខែកុម្ភៈ ឆ្នាំ២០២០។

បើតាមឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ក្រុមហ៊ុនកូរ៉េមួយ បានធ្វើការសិក្សាពីលទ្ធភាពក្នុងការ សាងសង់ និងបានបញ្ជូនរបាយកាណ៍ លទ្ធផល ជូនរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ហើយផ្អែកលើរបាយការណ៍នេះ រដ្ឋាភិបាល កម្ពុជានឹងធ្វើការសម្រេចលើទីតាំងសាងសង់ និងទ្រង់ទ្រាយរបស់ស្ពានជាដើម៕

Share.