គិតមកទល់ពេលនេះ អ្នក​និពន្ធ សោម ដូរ៉េ បានជ្រកក្រោមផលិតកម្មថោនអស់រយៈពេលជិត ១០​ឆ្នាំ​ហើយនៃ​អាជីព​ជា​អ្នក​និពន្ធ​របស់​ខ្លួន ​ដោយ​ឆ្លង​កាត់​ការងារ​និពន្ធនិង​ផលិត​បទ​ចម្រៀងជាច្រើន​បទ​។ នៅក្នុងផលិតកម្មថោនលោក សោម ដូរ៉េ មានតំណែងជា ប្រធាន​គ្រប់​គ្រង់​​គម្រោង​ផលិត​បទ​ចម្រៀង​របស់ផលិតកម្ម ហើយស្នាដៃនិពន្ធបទចម្រៀងរបស់លោកត្រូវបានមហាជនស្រឡាញ់ពេញចិត្តគាំទ្រយ៉ាងខ្លាំង។

មួយរយៈកន្លងមក ផលិកម្មថោនមានសភាពរង្គោះរង្គើ ដោយមានអ្នកនិពន្ធ តារាចម្រៀង និងអ្នកសម្រួលតន្ត្រី បានដើរចេញពីផលិតកម្មម្ដងម្នាក់ៗដូចជា អ្នកនាង មាស សុខសោភា លោក ដាភ្លេង ជាដើម។ ថ្មីៗនេះ លោក សោម ដូរ៉េ ប្រកាសដើរចេញពីផលិតកម្មថោន ដោយបង្ហោះសារប្រាប់អ្នកគាំទ្រថា «ជម្រាបលាកន្លែងការងារដែលខ្ញុំស្រឡាញ់និងជ្រកកោនអស់រយ:ពេលជិត១០ឆ្នាំ ខ្ញុំគ្មានគម្រោងចាកចេញទេ ព្រោះការងារខ្ញុំនៅសល់ច្រើនណាស់! ប៉ុន្តែកាល:ទេស:បានបង្ខំខ្ញុំ! ថ្ងៃនេះខ្ញុំបាទ #សោមដូរ៉េ បាទបញ្ចប់តួនាទីជាប្រធានផ្នែកផលិតបទចម្រៀងក្នុងផលិតកម្មថោន ! ដូច្នេះខ្ញុំមានសេរីភាព និងជាអ្នកនិពន្ធឯករាជ្រ ចាប់ពីថ្ងៃនេះតទៅ! ខ្ញុំនិងត្រៀមបង្ហាញការងារថ្មីរបស់ខ្ញុំនៅសប្តាហ៍ក្រោយនេះ! អរគុណសម្រាប់ការស្រឡាញ់ និងគាំទ្រស្នាដៃរបស់ខ្ញុំបាទ!»។

គួររំលឹកថា ជាការពិត លោក សោម ដូរ៉េ កាលពីកន្លងទៅលោកក៏ធ្លាប់បានចាកចេញពីផលិតកម្មធំដូចជាហង្សមាស ហើយចូលមកជ្រកក្នុងផលិតកម្មថោនវិញម្តង។ លោកធ្លាប់និយាយបានថា នៅថោនលោកមានឱកាសអភិវឌ្ឍន៍ខ្លួនបានច្រើន ជាងសំងំនៅហង្សមាស។ យ៉ាងណាក្ដី ការសម្រេចចិត្តចេញពីថោនម្ដងនេះ លោកក៏នៅតែមិនទាន់ស្រាយបំភ្លឺពីមូលហេតុជាក់លាក់ដែរ ដោយលោកបានត្រឹមតែអះអាងថាកាល:ទេស:ជាអ្នកបង្ខំឱ្យលោកដើរចេញតែប៉ុណ្ណោះ៕

Telegram-Troryorng
Share.