កន្លងមកថ្មីៗនេះតារាសម្តែងឯកប្រុសខ្ពស់សង្ហា សេង មង្គល និងពិធីការនីសាច់សខ្ចីប្រចាំស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ចាន់និរ័ត្ន ត្រូវបានហ្វេនអ្នកគាំទ្របន់ស្រន់ឱ្យអ្នកទាំងពីក្លាយជាគូស្នេហ៍ពិត ព្រោះថា ក្រៅពីការសម្ដែងរបស់អ្នកទាំងពីមានភាពស័ក្ដសមហើយនោះ នៅលើបណ្ដាញសង្គម អ្នកទាំងពីរក៏រមែងបង្ហាញភាពស្និទ្ធស្នាល និងសកម្មភាពផ្អែមល្ហែមទ្វេដងឱ្យហ្វេនផ្គូផ្គងថែមទៀត។

ភាគច្រើនតារាសម្ដែងឯកប្រុស លោក សេង មង្គល តែងបង្ហោះរូបភាពគូជាមួយកញ្ញា ហ៊ិន ចាន់និរ័ត្ន ថែមទាំងបង្ហោះសារធ្វើឱ្យហ្វេនដែលជាប់ចិត្តលួចស្រលាញ់អ្នកទាំងពីរលើសជាតិស្ករថែមទៀតផង។ បើតាមគេដឹង លោក សេង មង្គល និងកញ្ញា ហ៊ិន ចាន់និរ័ត្ន មានទំនាក់ទំនងល្អនឹងគ្នាមិនតិចឆ្នាំនោះទេ តាំងពីជំនាន់នៅជាប្រុសសង្ហាស្រីស្អាត Freshie មកម្លេះ។

នៅក្នុងថ្ងៃកម្មវិធីជប់លៀងបំណាច់ឆ្នាំ២០២១របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោក សេង មង្គល ផ្តល់បទសម្ភាសន៍ប្រាប់អ្នកសារព័ត៌មានត្រយង ដោយពោលសរសើរ កញ្ញា ហ៊ិន ចាន់និរ័ត្ន ដោយមិនលាក់លៀមថា នៅពេលដែលលោកបានធ្វើការជាមួយកញ្ញា ហ៊ិន ចាន់និរ័ត្ន លោកហ៊ានសរសើរថា កញ្ញាជាជាតារាស្រីមួយដួងដែលស្រគត់ស្រគំ ថ្លៃថ្នូរទាំងអត្តចរិតនិងចរិយាមាយាទ សំដីសំដៅ។ លោកបន្តថា កញ្ញា គឺជាមនុស្សគោរពពេលវេលាបានល្អ និយាយឱ្យចំទៅគាត់អត់ឱ្យរំខានដល់ក្រុមការងារ និងធ្វើអ្វីដែលឱ្យប៉ះពាល់ដល់ក្រុមការងារនោះទេ ធ្វើឱ្យក្រុមការងារដែលយើងថតជាមួយវារលូនតាំងពីដើមរហូតដល់ចប់។ អ៊ីចឹងហើយនៅពេលយើងថតជាមួយគ្នា មានការលើកសរសើរពីហ្វេនៗថា តួពីរអ្នកយើងសម្ដែងសមគ្នាបែបនេះបែបនោះទៅ គឺកាន់តែធ្វើឱ្យមានការគាំទ្រកាន់តែច្រើន។

លោក សេង មង្គល បានបន្ដនិយាយពីកញ្ញា ហ៊ិន ចាន់និរ័ត្ន នៅពេលសម្ភាសទៀតថា កន្លងមកពេលកញ្ញា ហ៊ិន ចាន់និរ័ត្ន ជួបរឿងមិនសប្បាយចិត្ត លោកតែងតែបារម្ភ និងលើកទឹកចិត្តកញ្ញាតាមរយៈបណ្ដាញសង្គម រហូតធ្វើឱ្យមានការផ្សព្វផ្សាយយល់ឃើញថា លោក និងកញ្ញាកាន់តែឈានទៅដល់ចំណុចគូ។ តែយ៉ាងណាមិញ លោកថា ជាមនុស្សស្រីម្នាក់ដែលមានចំណុចត្រូវចិត្តលោកផងដែរ។ យ៉ាងណាក្ដីលោកលើកឡើងថា រាល់ទំនាក់ទំនងជាដៃគូស្នេហា ទាមទារឱ្យប្រើពេលវេលាស្វែងយល់ពីគ្នាឱ្យបានច្រើនជាងនេះ មិនអាស្រ័យលើការថតរឿងជាមួយគ្នាម្តងឬពីរដង ឬតាមការសំនូមពររបស់ហ្វេនអ្នកគាំទ្រដែលផ្គូផ្គងតែមួយមុខនោះទេ។


លោក សេង មង្គល បានសង្កត់ថា ការយល់ពីអារម្មណ៍របស់គ្នាទៅវិញទៅមកដោយភាពច្បាស់លាស់ ទើបសាងឱ្យទំនាក់ទំនងមួយកើតឡើងបានយូរអង្វែងទៅថ្ងៃមុខបាន។ លោកថា មនុស្សស្រីដែលមានក្នុងក្ដីស្រម៉ៃរបស់លោក គឺជាមនុស្សស្រីស្រគត់ស្រគំមិនសិចស៊ី និងសុភាពរៀបសារថ្លៃថ្នូរទាំងអត្តចរិតនិងចរិយាមាយាទ៕

Telegram-Troryorng
Share.