សារព័ត៌មានបរទេសមួយចំនួនបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី ០៩ ខែ មករានេះថា ប្រទេសកាហ្សាក់ស្ថានកំពុងតែជួបភាពវឹកវរដោយសារតែការផ្ទុះអំពើហិង្សា ពីក្រុមកុបកម្មដ៏ច្រើនសន្ធឹកសន្ធាប់។

មនុស្សជាង១៥០នាក់បានស្លាប់ និងជិត៦,០០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីកុបកម្មហិង្សានៅក្នុងប្រទេសដ៏ធំបំផុតនៅអាស៊ីកណ្តាល។ ភាពចលាចលនៅក្នុងប្រទេស កាហ្សាក់ស្ថាន នេះកើតឡើងមួយសប្តាហ៍ហើយដែលជនបរទេសមួយចំនួនត្រូវបានឃុំខ្លួន ពីបទបង្កភាពចលាចល។

ការធ្វើកុបកម្មនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីការមិនសប្បាយចិត្តចំពោះរដ្ឋាភិបាល និងអតីតប្រធានាធិបតី ណឺសូថេន ណាសាបាយអីវ (Nursultan Nazarbayev) ដែលបានដឹកនាំប្រទេសអស់រយៈពេល៣ទសវត្សរ៍ ហើយនៅតែត្រូវបានគេគិតថារក្សាបាននូវឥទ្ធិពលដ៏សំខាន់ដដែល។ ប្រទេសនេះមានប្រជាជនជាង ១៩លាននាក់ ហើយក៏ជាប្រទេសដែលសម្បូរធនធានថាមពលផងដែរ ហើយការតវ៉ាក្នុងប្រទេសកាហ្សាក់ស្ថាននេះ បានចាប់ផ្តើមជាមួយការឆ្លើយតបទៅនឹងការឡើងថ្លៃប្រេងឥន្ទនៈ។

លោកប្រធានាធិបតី តូកាអីវ (Tokayev) បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអង្គការសន្ធិសញ្ញាអំពីសន្តិសុខ សមូហភាព (CSTO) ថា លោកចាត់ទុកក្រុមបាតុករនេះថាជាឧក្រិដ្ឋជន ហើយនេះជាការវាយប្រហារភេរវករកូនកាត់ និង មានគោលបំណងធ្វើអស្ថិរភាព ព្រោះបានធ្វើឡើងដោយមានការចូលរួមពីកងកម្លាំងទាំងខាងក្នុង និង ខាងក្រៅ ហើយមានបំណងពិសេសក្នុងការផ្ដួលរំលំរដ្ឋាភិបាល ខណៈប្រទេសនេះធ្លាប់រងនូវការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីបំផ្លាញរបបធម្មនុញ្ញ និង គ្រប់គ្រងអំណាច៕

ប្រភព៖ Sputnik

Telegram-Troryorng
Share.