ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ក្នុងសភាពដាច់ខ្លួនជាពីរ ធ្លាយពោះវៀន ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយកើតឡើង រវាងរថយន្តកុងតឺន័របើកបុកម៉ូតូហុងដាឌ្រីម ដួលកិនពីលើជនរងគ្រោះ កាលពីវេលាម៉ោង៦និង៥៥នាទីព្រលប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវជាតិលេខ៤ ខាងលិចស្ពានអាកាសចោមចៅ ចំណុច ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1N-5511 ជិះដោយបុរសរងគ្រោះ ពីកើត ទៅ លិច ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-1262 បើកល្បឿនលឿនពីកើតទៅលិចស្របទិស ជ្រុលបុកពីក្រោយម៉ូតូ ជនរងគ្រោះ ដួលផ្ទប់នឹងមាត់លូទឹកស្អុយ ហើយកិនពីលើជនរងគ្រោះ បណ្តាលឲ្យស្លាប់ ភ្លាមៗនៅកន្លែង រីឯអ្នកបើកបររថយន្តបង្កចុះរត់គេចខ្លួនបាត់ ។

ក្រោយហេតុការណ៍កើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋាន កម្លាំងប្រជាការពារ សង្កាត់បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីសម្រួលចរាចរ និងរាយការណ៍ទៅផ្នែកជំនាញ ដើម្បីពិនិត្យជាក់ស្តែង ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.