ភ្នំពេញ ៖ ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវបានម៉ូតូ ហុងដាឌ្រីម បើកលឿនមិនប្រយ័ត្នដូចគ្នាបុកពេញទំហឹង រ៉ឺម៉កវិលមួយជុំជ្រុល ទៅបុកតុអ្នក លក់ដូរនិង ផ្ទប់របងថ្ម បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២២ នៅតាមផ្លូវបេតុង ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 1CN-6142 បើកដោយឈ្មោះ បូ ស្រេង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ទឹកសុទ្ធ មានដឹកកូនប្រុសម្នាក់អាយុ៦ឆ្នាំ មានទីលំនៅភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បើកពីកើតទៅលិច។ ពេលមកដល់ចំណុចកើតហេតុ បត់ត្រឡប់ក្រោយ ស្រាប់តែមានម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IU-0508 ជិះដោយឈ្មោះ នឿន រស្មី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បើកពីកើតទៅលិចល្បឿនលឿន មិនប្រុងប្រយ័ត្នដូចគ្នា ជ្រុលបុកពេញទំហឹង បណ្តាលឲ្យរ៉ឺម៉កម៉ូតូវិលមួយជុំជ្រុលទៅបុកតុអ្នកលក់ដូរ បាក់ខ្ទេច និងបុកផ្ទប់របងថ្ម រួញម៉ូតូ រងរបួសធ្ងន់ម្នាក់ជាអ្នកបើករ៉ឺម៉ក កូនប្រុសរងរបួសស្រាល រីឯ ខាង ម៉ូតូហុងដាឌ្រីមរងរបួសស្រាល ម៉ូតូខ្ទេចអស់មួយចំហៀង ។

ក្រោយកើតហេតុ ជនរងគ្រោះ ទៅពេទ្យរៀងខ្លួន ចំណែកម៉ូតូនិងរ៉ឺម៉កម៉ូតូ ត្រូវបានសមត្ថកិច្ច វាស់វែងរួចប្រមូលយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.