កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន មន្ត្រីសុខាភិបាលថៃ បានរាយការណ៍ថា ប្រទេសរបស់ខ្លួនមានអ្នកស្លា.ប់ដោយសារវីរុសបំប្លែងថ្មី Omicron ជាលើកដំបូង ប៉ុន្ដែនៅរសៀលថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២២ នេះ មន្ត្រីសុខាភិបាលថៃបានប្រកាសថា មានអ្នកស្លាប់ដោយសារវីរុស Omicron បន្ថែមម្នាក់ទៀត។

ករណីស្លាប់ដំបូងទី១ ត្រូវបានរកឃើញលើស្ត្រីដែលបានចាក់វ៉ាក់សាំងគ្រប់ដូសមានអាយុ ៨៦ឆ្នាំម្នាក់ មកខេត្ត សងក្លា ភាគខាងត្បូងប្រទេសថៃ ចំណែកអ្នកស្លាប់ទី ២ គឺជាស្ត្រីដែលមានអាយុ ៨៤ឆ្នាំម្នាក់ រស់នៅខេត្ត អូដុន ថានី (Udon Thani) ដែលមានជំងឺមហារីកសួតដំណាក់កាលចុងក្រោយ ហើយបានឆ្លងវីរុស Omicron ពីសមាជិកគ្រួសារ ខណៈវីរុសនេះបានរកឃើញឆ្លងរាលដាលជាលើកដំបូងកាលពីខែមុន។

លោក រុងរឿង គីតផាទី (Rungrueng Kitphati) អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ បានប្រាប់ថាសារព័ត៌មាន Reuter ថា ករណីស្លាប់នេះត្រូវបានរំពឹងទុក ខណៈប្រទេសនេះបានរាយការណ៍អំពីករណីឆ្លងវីរុស Omicron ជាង ១ម៉ឺនករណីហើយ។ លោកបន្ថែមថា ប្រទេសថៃនឹងមិនត្រូវការប្រើវិធានការទប់ស្កាត់បន្ថែមទៀតនោះទេ។

ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៨ពាន់៧៧ករណី និង អ្នកស្លាប់ចំនួន ៩នាក់កាលពីថ្ងៃអាទិត្យ ខណៈថ្ងៃទី ១៧ ខែ មករា នេះ ប្រទេសថៃបានរាយការណ៍អំពីករណីឆ្លងក្នុងរយៈពេល ២៤ម៉ោង ចំនួន ៦ពាន់ ៩រយ២៩ករណី និង អ្នកស្លាប់ថ្មី​ចំនួន ១៣នាក់ ដែលធ្វើឲ្យអ្នកឆ្លងសរុបក្នុងប្រទេសនៅតំបន់អាស៊ានមួយនេះកើនឡើងចំនួន ២លាន៣៣ម៉ឺននាក់ជាង និងអ្នកស្លាប់សរុបមានចំនួន ២ម៉ឺន១ពាន់៩រយ៤១នាក់៕

ប្រភព៖ CNA

Telegram-Troryorng
Share.