កញ្ញា​ ពេជ្រ​ ​ចរណៃ​​ ​គឺជា​តារា​​សម្ដែង​​ម្នាក់​​ត្រូវ​បាន​អ្នក​ទស្សនា​ទទួល​ស្គាល់​ថា​មាន​សមត្ថភាព​និង​ទេពកោសល្យ​ខ្ពស់​ក្នុង​ការ​សម្ដែង​ ជាពិសេស​តួអង្គ​នាង​កាឡី​ក្នុង​រឿង​ «ដើម​រលួស​មាស​» ​​ដែល​កំពុង​តែ​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​។ តួ​អង្គ​កាច​ឆ្នាស​រូប​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ឈុត​ដែល​ពិបាក​សម្ដែង​​បំផុត​ក្នុង​រឿង​នេះ​គឺ​ឈុត​ស្រើបស្រាល​និង​អារក​សម្លាប់​ត្រី​។​

ឆ្លើយឆ្លង​ជាមួយ​នឹង​អ្នក​សារព័ត៌មាន​ត្រយង​តាម​រយៈ​សារអេឡិចត្រូនិច​ទាក់ទង​ទៅ​នឹង​ការ​សម្រេច​ចិត្ត​សម្ដែង​ជា​តួអង្គ​នាង​កាឡី​ កញ្ញា​ពេជ្រ​ ចរណៃ​ បាន​ឱ្យ​ដឹង​ថា​ «មូលហេតុ​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ដើរ​ជា​តួអង្គ​កាឡី​ក្នុង​រឿង​ដើម​រលួសមាស​ ដោយ​សារ​តែ​ខ្ញុំ​បង្ហាញ​ពី​សមត្ថភាព​ឱ្យ​ពុក​ម៉ែ​បងប្អូន​ក៏​ដូច​ជា​ផលិតករ​ផ្សេង​ៗ​គាត់​បាន​ដឹង​ថា​នាង​ខ្ញុំ​មាន​សមត្ថភាព​អាច​សម្ដែង​បាន​គ្រប់​ទម្រង់​បាន​ មិន​ថា​តែ​កាច​ឆ្នាសឆ្នើម​ក្នុង​តួអង្គ​សម័យ​នោះ​ទេ​ សូម្បី​តែ​តួអង្គ​កាច​ឆ្នាស​បែប​តួអង្គ​កាឡី​ក្នុង​រឿង​ដើមរលួស​មាស​ក៏​នាង​ខ្ញុំ​អាច​លេង​(សម្ដែង)​បាន​​»។​

តួអង្គ​កាច​ឆ្នាស​ក្នុង​រឿង​ភាគ​បុរាណ​ខាង​លើ​បាន​ផ្ដល់​ជា​បទ​ពិសោធ​យ៉ាងច្រើន​សម្រាប់​កញ្ញា​ ព្រោះ​ការ​សម្ដែង​តួអង្គ​កាច​មួយ​នេះ​ខុស​ពី​តួអង្គ​ដែល​កញ្ញា​ធ្លាប់​បាន​សម្ដែង​មុន​ៗ​។ រឿង​នេះ​កញ្ញា​សម្ដែង​កាច​ស្ទើរ​តែ​គ្រប់​ទម្រង់​​​ មាន​ទាំង​កាច​ឆ្នាស មាយា ពិសពុល រំអួយ​ ​សម្រក់​ទឹក​ភ្នែក កំពុង​តែ​សើច​ហើយ​ប្រែ​ជា​យំ​ក៏​មាន​។

ចរណៃ​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា​ឈុត​ដែល​ពិបាក​ក្នុង​ចំណោម​ឈុត​ពិបាក​ជា​ច្រើន​នោះ​គឺ​ឈុត​វ៉ៃ​កុមារី​ ឈុត​សម្លាប់​អារក​ត្រី​ និង​ ​ឈុត​ស្រើបស្រាល​។

Telegram-Troryorng
Share.